ខេត្តតាកែវ៖ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលនៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ម្សិលមិញនេះ នៅភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ជនរងគ្រោះ គឺអ្នកស្រី ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំជាមន្ត្រីបម្រើការនៅក្នុងរដ្ឋសភា ហើយក៏ជាសមាជិកមួយរូបនៅក្នុងក្រុមយុវជនគណបក្សប្រជាជនកម្ពុជាលើការងារពង្រីកចលនាយុវជននៅក្រៅប្រទេសផងដែរ។
មូលហេតុដែលនាំឲ្យស្ត្រីរូបនេះចងកសម្លាប់ខ្លួនបន្សល់ទុកឲ្យកូន៣នាក់ឲ្យនៅកំព្រាមិនទាន់មានការអះអាងឲ្យច្បាស់លាស់នោះទេ តែសមត្ថកិច្ចសង្ស័យមានវិបត្តិស្នេហា។
លោកអធិការក្រុងដូនកែវក៏មិនបានដឹងពីមូលហេតុច្បាស់លាស់នៃការធ្វើអត្តឃាតនេះដែរ ប៉ុន្តែក្នុងបន្ទប់ធ្វើអត្តឃាតសមត្ថកិច្ចបានរកឃើញសំបុត្រមួយច្បាប់រៀបរាប់ពីវិបត្តិស្នេហា ដែលនាំឲ្យសមត្ថកិច្ចសន្និដ្ឋានថា ការធ្វើអត្តឃាតនេះបណ្តាលមកពីវិបត្តិស្នេហា ឬ ស្នេហាត្រីកោណជាដើម។
យោងតាមប្រភពពីសមត្ថកិច្ចក្រុងដូនកែវ បានអះអាងថា អ្នកស្រី ចេវ សុវឌ្ឍនា មានកូន៣នាក់បច្ចុប្បន្នកំពុងស្នាក់នៅជាមួយជីដូនក្នុង រាជធានីភ្នំពេញ។ បច្ចុប្បន្នគេក៏មិនដែលឃើញអ្នកស្រីទៅណាមកណាជាមួយស្វាមីនោះដែរ ជាហេតុនាំឲ្យមានការសន្និដ្ឋានថា អ្នកស្រី សុវឌ្ឍនា ជាស្ត្រីមេម៉ាយ។
សមត្ថកិច្ចបន្ថែមថា អ្នកស្រី ចេវ សុវឌ្ឍនា បានទៅជួលផ្ទះកន្លែងកើតហេតុនៅក្រុងដូនកែវ ដើម្បីធ្វើអាជីវកម្មអស់ជាច្រើនឆ្នាំមកហើយ។
មិត្តភក្តិស្និទ្ធស្នាលរបស់អ្នកស្រី ចេវ សុវឌ្ឍនា នៅតាមបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងការសោកស្តាយ និងអាណិតអាសូរជាខ្លាំង ព្រោះអ្នកស្រីជាមនុស្សមានទឹកចិត្តល្អ និងតែងជួយរាល់ទុក្ខធុរៈមនុស្សជុំវិញខ្លួន ហើយពួកគេក៏មិននឹកស្មានថាអ្នកស្រីគិតខ្លីធ្វើអត្តឃាតបែបនេះផងដែរ។
បន្ទាប់ពីសមត្ថកិច្ចបានពិនិត្យសពរួចរាល់ហើយ សពអ្នក សុវឌ្ឍនា ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីនៅផ្ទះក្នុងរាជធានីភ្នំពេញ៕