ចាប់ខ្លួនចៅតិរិច្ឆាន ដាក់គុក ព្រោះវាយសម្លាប់ជីតានឹងចបជីក

បាត់ដំបង៖ នគរបាលខេត្តបាត់ដំបងបានចាប់ខ្លួនដាក់ខ្នោះជនសង្ស័យម្នាក់ភ្លាមៗ ក្រោយពីយកចបជីកវាយសម្លាប់ជីតា ខ្លួនឯងឲ្យស្លាប់ភ្លាមៗ

កាលពីវេលាម៉ោង១២ និង៣០នាទី រំលងអធ្រាត្រ ថ្ងៃទី១៨ ខែវិច្ឆិការ ឆ្នាំ២០១៨ នៅស្ថិតក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

លោក ស៊ុន សុវណ្ណ អធិការ​នគរបាលស្រុកសង្កែបានឲ្យដឹងថា ចៅតិរិច្ឆាននេះឈ្មោះ ភឹម សុធា ហៅក្រត ភេទប្រុស អាយុ២៧ឆ្នាំ ចំណែកជនរងគ្រោះ ឈ្មោះ អុឹម ឆើយ ភេទប្រុស អាយុ៦៦ឆ្នាំ ទាំងពីរនាក់រស់​នៅក្នុងភូមិជាមួយគ្នា។ ​

លោកបន្តថា ចៅចិត្តតិរិច្ឆាននេះ បានយកចបជីកដែកប្រវែងជាង១ម៉ែត្រ ពួនចាំស្ទាក់វាយជីតាខ្លួនឯង នៅផ្លូវលំច្រកចូលផ្ទះ​​​ ខណៈជីតាជិះម៉ូតូទៅដល់ជនសង្ស័យក៏បានទាញចបវាយទៅលើក្បាលបណ្តាលឲ្យផុងលលាដ៍ក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។​

ក្រោយពេលកើតហេតុភ្លាម ក្រុមសាច់ញាតិ និងកម្លាំងនគរបាលជំនាញបានព័ទ្ធចាប់ខ្លួនបានភ្លាមៗ នៅជនដៃដល់កំពុងប្រមូលលុយដើម្បីរត់គេចខ្លួន។​

លោកអធិការបានបន្តទៀតថា ដៃដល់បានសារភាពថា មូលហេតុដែលបណ្តាលឲ្យខ្លួនវាយសម្លាប់តាខ្លួនឯងរហូតដល់ស្លាប់នេះ ដោយសារគំនុំចាស់ ដែលជីតាធ្លាប់បានធ្វើអំពើមកលើខ្លួនកន្លងមក ទើបខ្លួនមានចិត្តគុំគួនរហូតឆក់បានឱកាសវាយសម្លាប់តែម្តង៕

 

Loading...