ចាប់ខ្លួននាយការិយាល័យបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តតាកែវរួមជាមួយស្ត្រីម្នាក់ទៀតក្នុង ករណីជួញដូរគ្រឿងញៀន

ខេត្តតាកែវ៖ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ ឈុន សុមេធា ភេទប្រុស មុខរបរ កងរាជអាវុធហត្ថខេត្តតាកែវ(ដែលមានឋានន្តរស័ក្តិ វរសេនីយ៍ត្រី ឋានៈជានាយការិយាល័យបទល្មើសគ្រឿងញៀន)នឹងជនសង្ស័យឈ្មោះ កេន ចាន់រី ភេទស្រី មុខរបរ មិនពិតប្រាកដ បានជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនជាប់ជាមួយវត្ថុតាងគ្រឿងញៀនប្រហែល២គីឡូក្រាម រួចបន្តចុះសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសំរបសំរួលនីតិវិធី ពីលោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។

បានចុះទៅឆែកឆេរក្នុងលំនៅដ្ឋានរបស់ជនសង្ស័យចំនួនពីរទីតាំង៖ ទី១- នៅផ្ទះរបស់ជនសង្ស័យ ឈុន សុមេធា នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរីស្រុកអង្គរបូរី ខេត្តតាកែវ ដកហូតវត្ថុតាងបាន អាវុធខ្លីចំនួន០២ដើម(ប្រើហ្គាស់)និងជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង និងរុក្ខជាតិញៀន(កញ្ឆា)ក្រៀមចំនួន០២ស្បោង។

ទី២- នៅបន្ទប់ជួលរបស់ឈ្មោះ កេន ចាន់រី ភេទស្រី នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដកហូតវត្ថុតាងបាន ម៉ាស៊ីនកាមេរ៉ាសុវត្ថិភាពចំនួន០១គ្រឿង ស្លាកលេខម៉ូតូចំនួន០៣គ្រឿង និងកាតគ្រីម៉ូតូចំនួន០២សន្លឹក។បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមជាមួយវត្ថុតាងត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នាំខ្លួនយកទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

Loading...