ចាប់ខ្លួនស្ថាបនិកគេហទំព័រអាសអាភាសដ៏ធំបំផុតនៅកូរ៉េខាងត្បូង

ប៉ូលិសបានឲ្យដឹងថា ស្ត្រីម្នាក់ជាសហស្ថាបនិកគេហទំព័ររូបភាពអាសអាភាសដ៏ធំបំផុតនៅកូរ៉េខាងត្បូង​ត្រូវចាប់ខ្លួនបានហើយ បន្ទាប់ពីរត់គេចខ្លួនទៅសម្ងំរស់នៅក្នុងប្រទេសញូវហ្សឺឡេនអស់ជាច្រើនឆ្នាំ ។

គេហទំព័រ Soranet បង្កើតឡើងក្នុងឆ្នាំ១៩៩៩ បានបង្ហោះវីដេអូល្មើសច្បាប់រាប់ពាន់ ក្នុងនោះមាន«វីដេអូសងសឹក» និងវីដេអូអាសអាភាសដែលលួចថតខុសច្បាប់ទៅលើស្ត្រីភេទនៅតាមទីសាធារណៈជាដើម ។

ការចែកចាយប្រើប្រាស់វីដេអូអាសអាភាសបែបនេះ នៅកូរ៉េខាងត្បូងមិនមែនជាទង្វើស្របច្បាប់នោះឡើយ ។ ប៉ុន្តែទោះបីយ៉ាងណា វីដេអូភាគច្រើន គេប្រើប្រាស់ server មូលដ្ឋាននៅបរទេស និងចែកចាយដោយអាថ៌កំបាំង នៅលើទីតាំងដែលចែកចាយនោះ ។

គេហទំព័រ Soranet ដែលអួតថា មានសមាជិកជាង១លាននាក់​ត្រូវបិទកាលពី២ឆ្នាំកន្លងមកហើយ បន្ទាប់ពីក្រុមសិទ្ធិនារីប្តឹងផ្តល់ទៅកាន់អាជ្ញាធរ ។

ស្ថាបនិកគេហទំពូរអាយុ៤៥ឆ្នាំ ឈ្មោះ Song ត្រូវបានគេបញ្ជូនខ្លួនមកកាន់ទីក្រុងសេអ៊ូលកាលពីសប្តាហ៍មុននេះ បន្ទាប់ពីលិខិតឆ្លងដែនត្រូវប៉ូលិសកូរ៉េខាងត្បូងដកហូត ។ ប៉ូលិសថា​ កាលពីថ្ងៃទី២៥ ខែមិថុនា ស្ត្រីជាម្ចាស់គេហទំព័រអាសអាភាសន៍នេះត្រូវបានចាប់ខ្លួនពីបទចែកចំលែក ឬជំនួយក្នុងការចែកចាយវីដេអូសិចអនីតិជន ។ ប្តីរបស់ស្ត្រីម្នាក់នេះ ព្រមទាំងប្តីប្រពន្ធមួយគូទៀតដែលជាសហស្ថាបនិកគេហទំព័រអាសអាភាស ពួកគេទាំងអស់មានភាពជាពលរដ្ឋអូស្ត្រាលី ឬជាពលរដ្ឋអូស្ត្រាលីអចិន្ត្រៃយ៍ នៅតែ កំពុងស្ថិតនៅឯក្រៅប្រទេសដដែល ។

ពួកគេត្រូវចោទប្រកាន់ពីបទជំរុញទឹកចិត្តឲ្យមានសកម្មភាពល្មើសច្បាប់ ដោយសមាជិកគេហទំព័រ Saranet នោះចែកចាយវីដេអូ ស្ត្រីដែលត្រូវបានលួចថតដោយសម្ងាត់នៅតាមបង្គន់សាធារណៈ, បន្ទប់រៀន, បន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់, បន្ទប់រថភ្លើងក្រោមដី និងទីកន្លែងសាធារណៈដទៃផ្សេងទៀត ។

សមាជិកខ្លះនៃគេហទំព័រនេះត្រូវចោទប្រកាន់រួចហើយពីបទចូលរួមគម្រោងឲ្យមានការរំលោភផ្លូវភេទពីជនល្មើស ដែលគោលដៅទៅលើអនីតិជន ព្រមទាំងការបង្ហោះវីដេអូជនរងគ្រោះនៅលើគេហទំព័រ ។

ម្ចាស់គេហទំព័រអាសអាភាសនេះ​ត្រូវគេដឹងថា រកចំណូលបានរាប់លានដុល្លារពីការផ្សាយពាណិជ្ជកម្មនៅលើគេហទំព័រនោះ រៀបចំឲ្យមានពេស្យាចារ និងល្បែងភ្នាល់ស៊ីសង ដែលទង្វើខុសច្បាប់ទាំងពីរនេះកំពុងរាលដាលធ្ងន់ធ្ងរឡើងនៅកូរ៉េខាងត្បូង ។

ដែលហៅថា លួចថតវីដេអូសម្ងាត់ កំពុងក្លាយទៅជារឿងធម្មតានៅក្នុងប្រទេសនេះ ។ ពួកបុរសលួចថតវីដេអូស្ត្រីនៅក្នុងសាលារៀន នោងកន្លែងធ្វើការ នៅក្នុងបង្គន់ និងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ ក្លាយជាចំណុចក្តៅគគុករៀងរាល់ថ្ងៃ ។

ខែមុន ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ថ្លែងថា ការលួចថតវីដេអូ បានរាលដាលក្លាយជាជីវិតប្រចាំថ្ងៃទៅហើយ ហើយបានជំរុញឲ្យមានវិធានការបង្ក្រាបទ្រង់ទ្រាយធំជាងមុន និងដាក់វិន័យឲ្យបានធ្ងន់ធ្ងរចំពោះអ្នកប្រព្រឹត្តដោយគ្មានការលើកលែង ៕

 

Loading...