ចាប់ខ្លួន៤នាក់ពាក់ព័ន្ធគ្រឿងញៀននៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺៈ មនុស្សយ៉ាងតិច៤នាក់ ក្នុងនោះមានស្ត្រីផងដែរ ត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះឈ្មោះ ឡុង សេងហុង ភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ប្រាប់នៅក្នុងរបាយការណ៍ថា ជនសង្ស័យដែលឃាត់ខ្លួន ១ ឈ្មោះ ឡុង សេងហុង ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ, ២ ឈ្មោះ សំ វ៉ាង ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ។ ទាំងពីរនាក់នេះ សមត្ថកិច្ចឆែកឆេរ និងដកហូតម្ស៉ៅក្រាមសថ្លា៤៦កញ្ចប់ (ធំ១កញ្ចប់, មធ្យម៥កញ្ចប់ និងតូច៤០កញ្ចប់) រីឯអ្នកប្រេីប្រាស់២នាក់ឈ្មោះណុល វាន់ណែត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ និង ឈ្មោះ សៅ សឿន ភេទប្រុស អាយុ ៥៦ ឆ្នាំរស់នៅភូមិជ្រែវា ឃុំព្រៃវិហារ ស្រុកគងពិសី ។

ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕ មណ្ឌលច្បារមន

Loading...