ចាប់ខ្លួន​ក្មេង​ទំនើង​៣​នាក់​ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា​តាម​ដីកា​របស់​តុលាការ​ ​

ខេត្តកំពង់ចាមៈ​ ជនសង្ស័យ​៣​នាក់​ក្នុង​ចំណោម​បក្ខពួក​៨​នាក់​ដែល​មានឈ្មោះ​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​តុលាការ​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៤​ នៅ​ភូមិ​ទួល​ខ្ពស់​ ឃុំ​ក្រូច​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ និង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តកំពង់ចាម​ចាត់ការ​តាម​ផ្លូវច្បាប់​ ។​

​លោក​កែវ​ ស៊ា​ង​ហ័ន​ អធិការ​នគរបាល​ស្រុក​ព្រៃឈរ​បាន​ឲ្យ​ដឹង​ថា​ កាលពី​យប់​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០១៤​ នៅ​ភូមិ​ អ្នកតា​ស្នឹង​ ឃុំ​បឹង​ណាយ​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ ប្រជាពលរដ្ឋ​បាន​រៀបចំ​ធ្វើ​បុណ្យចូលឆ្នាំ​ខ្មែរ​ ដោយ​បាន​ចាក់​ធុងបាស់​រាំ​កម្សាន្ត​។​

​នៅ​ពេល​យប់​ ប្រជាពលរដ្ឋ​ចាស់​ ក្មេង​បាន​នាំ​គ្នា​រាំ​កម្សាន្ត​សប្បាយ​ ពេល​នោះ​មាន​ក្មេង​ស្ទាវ​មួយ​ក្រុម​ចូល​អុកឡុក​ ហើយ​ចាក់​ជន​រង​គ្រោះ​ម្នាក់​ធ្លាយ​ពោះ​ របួស​ជា​ទម្ងន់​ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ ។​
​លោក​អធិការ​បន្ត​ថា​ ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​ និង​កំណត់​មុខសញ្ញា​ជនសង្ស័យ​១២​នាក់​ រៀបចំ​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្តកំពង់ចាម​សុំ​ដីការ​ចាប់ខ្លួន​ ។​

​នៅ​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៤​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម​លោក​ហៃ​ ណៃ​ហេង​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនជាប់ចោទ​៨​នាក់​ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា​ ប្រព្រឹត្ត​នៅ​ភូមិ​អ្នកតា​ស្នឹង​ ឃុំ​បឹង​ណាយ​ ស្រុក​ព្រៃឈរ​ កាលពី​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០១៤​។​

​លោក​កែវ​ ស៊ា​ង​ហ័ន​ បាន​បន្ត​ថា​ ចាប់តាំងពី​បាន​ដីកា​ខាងលើ​នេះ​មក​ សមត្ថកិច្ច​បាន​តាម​រក​ជនសង្ស័យ​ដែល​មានឈ្មោះ​ក្នុង​ដីកា​ តែ​រក​មិនឃើញ​ ។​ រហូត​ដល់​យប់​ ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៤​ ទើប​ឃើញ​ជនជាប់ចោទ​៣​នាក់​ ចូល​មក​ផ្ទះ​ សមត្ថកិច្ច​ក៏​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ ១​ ឈ្មោះ​ ម៉ៅ​ ឃាន់​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ទីលំនៅ​ភូមិ​ទួល​ខ្ពស់​ ឃុំ​បឹង​ណាយ​ ស្រុក​ព្រៃឈរ​ មាន​ឈ្នោះ​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​ ៦៩៣​ ចុះ​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ២០១៤​ របស់​ចៅក្រម​ ហៃ​ ណៃ​ហេង​,​ ២​ ឈ្មោះ​ ញ៉េ​ប​ វ៉ា​ន់​ឌី​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ រស់នៅ​ភូមិ​ ឃុំ​ជាមួយ​គ្នា​ មាន​ដីកា​លេខ​ ៦៩៤,​ ៣​ឈ្មោះ​ ញ៉េ​ប​ ចាន់​ធឿ​ន​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ រស់នៅ​ភូមិ​ជាមួយ​គ្នា​ មាន​ដីកា​លេខ​៦៩៦​។​

​លោក​អធិការ​កែវ​ ស៊ា​ង​ហ័ន​ បាន​បញ្ជាក់​ថា​ ជន​ត្រូវ​ចោទ​ទាំង​៣​ខាងលើ​ត្រូវ​នាំ​ខ្លួន​ទៅ​តុលាការខេត្ត​កំពង់ចាម​នៅ​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៤​ ដើម្បី​ចាត់ការ​បន្ត​ និង​ស្វែងរក​ចាប់​បក្ខពួក​នៅ​សល់​បន្ត​ទៀត​ ៕​ សុ​ភ័​ណ្ឌ​

IMG-20141223-WA0008

IMG-20141223-WA0009

Loading...

Leave a Reply

Your email address will not be published. Required fields are marked *