ចាប់ជនជាតិចិន៤នាក់ និងខ្មែរ២នាក់ គេចចេញពីកន្លែងចត្តាឡីស័កនៅខេត្តព្រះសីហនុ មកភ្នំពេញ

(ព្រះសីហនុ)៖ កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ឃាត់បានរថយន្តគ្រឿង ម៉ាកកូរូឡា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2G-7227 នៅចន្លោះគីឡូម៉ែត 152-153 ផ្លូវបត់ចូលផ្លូវល្បឿនលឿនស្ថិតក្នុងភូមិ ស្ទឹងឆាយ ឃុំកំពង់សីលា ក្រោយពួកគេបានលួចគេចចេញពីការធ្វើចត្តាឡីស័កនៅខេត្តព្រះសីហនុ មកភ្នំពេញ។

ក្នុងរថយន្តមានគ្នា៥នាក់ ក្នុងនោះមានបុរសជនជាតិខ្មែរ២នាក់ និងបុរសជនជាតិចិន៤នាក់ មានពាក់ឯកសណ្ឋានបន្លំធ្វើ់ជាក្រុមការងារផ្លូវល្បឿនលឿន ហើយពួកគេត្រូវបានដឹកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។

លទ្ធផលការសាកសួរបុរសជនជាតិខ្មែរម្នាក់ជាអ្នកបើកបររថយន្តនេះ បានសារភាពថា ខ្លួនធ្វើតាមបញ្ជារបស់មេក្លោងបុរសជនជាតិខ្មែរម្នាក់ទៀត។ បន្ទាប់ពីសាកសួររួច សមត្ថកិច្ចយើងបានធ្វើការស្រាវ យ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនបានបុរសជនជាតិខ្មែរ ដែលជាមេក្លោងយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនិតិវិធី។

ជនសង្ស័យទាំង៦នាក់ មានឈ្មោះដូចខាងក្រោម ៖

ទី១៖ ឈ្មោះ អ៊ឹង សេងល័ង អាយុ៣៨ឆ្នាំ មុខរបរ អ្នកបកប្រែភាសាចិន និងអ្នកម៉ៅការដឹកគ្រោះក្រហមការដ្ឋានផ្លូវល្បឿនលឿន កាន់លិខិតឆ្លងដែនលេខៈ 050967845 មានទីលំនៅបច្ចុប្បន្ន ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ទី២៖ ឈ្មោះ រ៉ា វណ្ណះ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
ទី៣៖ ឈ្មោ Deng YuXin (តឹង អ៊ីស៊ីវ ) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ EF1651430 បម្រើការងារ នៅភោជនីយ៍ដ្ឋាន សាស៊ាន ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ
ទី៤៖ ឈ្មោះ WANG RUI (វ៉ាង រួយ) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងលេខៈ EE 4261410 បម្រើការងារនៅភោជនីយដ្ឋាន សាស៊ាន ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ
ទី៥៖ ឈ្មោះ Fang Chao (ហ្វាង ឆាវ) ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ EH 1274335 មុខរបរធ្វើការងារនៅកាស៊ីណូ ឆាងឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ទី៦៖ ឈ្មោះ Zhang JinJun (ចាង ជិនជុន) ភេទប្រុស អាយុ៣៧ឆ្នាំ កាន់លិខិតឆ្លងលេខៈ EG 9351663 មុខរបរធ្វើការងារនៅកាស៊ីណូ ឆាងឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

វត្ថុតាងចាប់យកបានរួមមាន៖ រថយន្តមួយគ្រឿងម៉ាក ឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខៈ ភ្នំពេញ 2T-8385 (មធ្យោបាយធ្វើសកម្មភាព) និងរថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 2G-7227 (មធ្យោបាយធ្វើសកម្មភាព)។

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យបុរសជនជាតិខ្មែរ ដែលមេក្លោង បានសារភាពថា ខ្លួនធ្លាប់ដឹកជនជាតិចិន ពីភ្នំពេញមកខេត្តព្រះសីហនុ ចំនួន៣លើករួចមកហើយ៖

លើកទី១៖ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ជនសង្ស័យបានជិះរថយន្តមួយគ្រឿងម៉ាកឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខៈ ភ្នំពេញ 2T-8385 ដឹកជនជាតិចិនចំនួន២នាក់ ជិះតាមផ្លូវជាតិលេខ៤ ចូលខេត្តព្រះសីហនុ។
លើកទី២៖ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ជនសង្ស័យបានជិះរថយន្តមួយគ្រឿងម៉ាក ឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខៈ ភ្នំពេញ 2T-8385 ដឹកជនជាតិចិនចំនួន២នាក់ ជិះចូលតាមផ្លូវល្បឿន ពេលតាមផ្លូវបានប្រាប់ឲ្យជនជាតិចិនទាំង២នាក់ ពាក់អាវចំណាំងផ្លាត ដើម្បីបន្លំធ្វើក្រុមការងារផ្លូវល្បឿនលឿន លុះជិះដល់ចំណុចជិតបារ៉ាស់ត្រួតពិនិត្យ ជនសង្ស័យបានបិទភ្លើងរថយន្ត ហើយបើកយឺតៗ ពេលផុតបារ៉ាស់ត្រួតពិនិត្យទើបបើកភ្លើងវិញ ជិះចូលខេត្តព្រះសីហនុ។
លើកទី៣៖ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ បានជិះរថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខៈ ភ្នំពេញ 2G-7227 ដឹកជនជាតិចិនចំនួន២នាក់ និងឲ្យមិត្តភក្តិខ្លួនឈ្មោះ រ៉ា វណ្ណះ បានជិះរថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខៈ ភ្នំពេញ 2T-8385 ដឹកជនជាតិចិនចំនួន៤នាក់ ជិះតាមផ្លូវល្បឿន ពេលតាមផ្លូវបានប្រាប់ឲ្យជនជាតិចិនទាំង៦នាក់ ពាក់អាវចំណាំងផ្លាត ដើម្បីបន្លំធ្វើក្រុមការងារផ្លូវល្បឿនលឿន លុះជិះដល់ចំណុចជិតបារ៉ាស់ត្រួតពិនិត្យ ជនសង្ស័យបានបិទភ្លើងរថយន្ត ហើយបើកយឺត ពេលផុតបារ៉ាស់ទើបបើកភ្លើងវិញ ជិះចូលខេត្តព្រះសីហនុ។

ចំពោះជនសង្ស័យជនជាតិចិនទាំង៤ខាងលើ បានសារភាពថា ពួកខ្លួនបានធ្វើចត្តាឡីស័ករួចហើយ ប៉ន្តែពុំមានឯកសារភ្ជាប់មកជាមួយឡើយ ហើយពួកខ្លួនមានបំណងទៅភ្នំពេញ រួចបន្តដើម្បីត្រលប់ទៅប្រទេសចិនវិញ។ សម្រាប់ករណីនេះ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបញ្ជាឲ្យកសាងសំណុំរឿងបញ្ជូនជនជាតិខ្មែរទាំង២នាក់ទៅកាន់តុលាការ ហើយសម្រាប់ជនជាតិចិនទាំងនោះត្រូវរៀបចំការបណ្តេញចេញពីប្រទេសកម្ពុជា។ ប៉ុន្តែពួកគេទាំង៦នាក់ ត្រូវបញ្ជូនទៅយកសំណាក ដើម្បីស្វែងរកជំងឺកូវីដ១៩ផងដែរ៕

Loading...