ចាប់ជំរិតជនជាតិចិននៅក្នុងខណ្ឌសែនសុខ នគរបាលចាប់ខ្លួន២នាក់

ខេត្តកណ្តាល៖ កម្លាំងនគរបាលបានចាប់ខ្លួនជនបរទេស២នាក់ សង្ស័យចាប់ជំរិតទារប្រាក់១ម៉ឺនដុល្លារពីស្ត្រីជនបរទេសដូចគ្នា នៅក្នុងខណ្ឌសែនសុខ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ស្ត្រីរងគ្រោះជាជនជាតិចិនត្រូវបានរំដោះដោយកងកម្លាំងសមត្ថកិច្ចប្រកបដោយសុវត្ថិភាពផងដែរ ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ បានបញ្ជាក់ថា ករណីចាប់ជំរិតនេះ បានកើតឡើង នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅបូរីញូថោន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ដែលបង្កដោយជនជាតិចិនមួយក្រុម ដោយពួកគេបានហៅនារីរងគ្រោះជាជនជាតិចិនដូចគ្នា ដែលបម្រើការងារជានារីម៉ាស្សា ឲ្យទៅម៉ាស្សាពួកគេ ។ លុះក្រោយម៉ាស្សាហើយ ស្រាប់តែក្រុមបង្ក បានចាប់ជំរិតនារីរងគ្រោះ ទៅកាន់ផ្ទះសំណាក់មួយកន្លែងនៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រុមសង្ស័យបានគំរាមទារលុយ១មឺុនដុល្លារ ពីថៅកែហាងនារីរងគ្រោះ ហើយបើមិនឲ្យទេ ពួកគេនឹងសម្លាប់នាងចោល នៅវេលាម៉ោង១២ថ្ងៃត្រង់ (២៤ វិច្ឆិកា) ។

ប្រភពបន្តថា ក្រោមការសម្របសម្រួលតាមជំនាញរបស់នគរបាល ជាមួយក្រុមចាប់ជំរិតនោះ ពួកគេ(ក្រុមចាប់ជំរិត)បានបន្ថយទៅត្រឹមម៉ោង៣ រសៀលថ្ងៃដដែលនេះ បើមិនបានលុយចំនួន១មឺុនដុល្លារទេ នឹងសម្លាប់នារីរងគ្រោះចោល ។

លោកអធិការបានបន្តទៀតថា ចំពោះការគំរាមម្តងទៀតនេះ កម្លាំងប្រតិបត្តិការ បានខិតខំយ៉ាងខ្លាំងលើជំនាញរបស់ខ្លួន រហូតតាមចាប់ជនសង្ស័យចំនួន២នាក់ ជាបន្តបន្ទាប់ ដោយម្នាក់ចាប់ខ្លួននៅតាមផ្លូវ និងម្នាក់ទៀតចាប់ខ្លួននៅក្នុងបន្ទប់ផ្ទះសំណាក់ ទីដែលពួកគេចាប់ជំរិតនោះ ព្រមទាំងរំដោះជនរងគ្រោះផងដែរ នៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយនាំខ្លួនទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ចាត់ការតាមច្បាប់ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ឆឹង ពេញយីង ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរ បម្រើការងារនៅហាងម៉ាស្សាហោញូថោន ទីលំនៅស្នាក់នៅក្នុងហាងម៉ាស្សាបូរីញូថោន ខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ ។ រីជនសង្ស័យ២នាក់ ១-ឈ្មោះ យាណ ពីង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន ស្នាក់នៅមិនពិត មុខរបរ មិនពិតប្រាកដ  ២-ឈ្មោះតៃ ឈើងឈាន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន ទីលំនៅ មិនពិតប្រាកដ មុខរបរ មិនពិតប្រាកដ  ៕

 

1 2 4

Loading...