ចាប់តាំងពីលោក ឃួង ភារុន ទទួលបានតំណែងជាមេបញ្ជាការវរការពារព្រំដែនគោកលេខ៤០២ គឺករណីពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ចូលកាប់ឈើក្នុងទឹកដីថៃ កើនឡើងយ៉ាងគំហុក

ខេត្តឧត្ដរមានជ័យ៖ ពលរដ្ឋនៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បទល្មើសព្រៃឈើកំពុងកើតឡើងយ៉ាងរាលដាលនៅតាមតំបន់ខ្សែព្រំដែនដែលគ្រប់គ្រងដោយវរការពារព្រំដែនគោកលេខ៤០២ ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់លោកវរសេនីយ៍ឯក ឃួន ភារុន។

ប្រភពបានឲ្យដឹងទៀតថា នៅតំបន់ខ្សែព្រំដែនខ្មែរ-សៀមក្នុងភូមិសាស្ត្រសង្កាត់អូរស្មាច់ ក្រុងសំរោង សមត្ថកិច្ចប្រចាំតំបន់នេះបើកឲ្យពលរដ្ឋខ្មែរឆ្លងដែនចូលកាប់ឈើគ្រញូង ឈើធ្នង់ នាងនួន ពីទឹកដីសៀម ស្ពាយយកមកលក់ឲ្យឈ្មួញទុច្ចរិតដែលឈរជើងចាំទិញតាមខ្សែព្រំដែន។ ក្នុងនោះប្រជាពលរដ្ឋខ្មែរខ្លះត្រូវសមត្ថកិច្ចសៀម បាញ់ប្រហារនិងចាប់ខ្លួនជាបន្តបន្ទាប់ដោយសារហ៊ានលបលួចឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូង ឈើធ្នង់ និងនាងនួន នៅក្នុងទឹកដីសៀម។

លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ក៏ដូចជាលោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ និងលោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលពលរដ្ឋខ្មែរលបលួចឆ្លងដែនតាមខ្សែព្រំដែនសង្កាត់អូរស្មាច់ ចូលទៅកាប់ឈើក្នុងទឹកដីសៀម។

ប្រជាពលរដ្ឋក្នុងសង្កាត់អូរស្មាច់ បានបញ្ជាក់ថា ចាប់តាំងពីលោក ឃួង ភារុន ទទួលបានតំណែងជាមេបញ្ជាការវរការពារព្រំដែនគោកលេខ៤០២ គឺករណីពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ចូលកាប់ឈើក្នុងទឹកដីសៀម មានការកើនឡើងយ៉ាងគំហុក។ ដូច្នេះលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នពាក់ព័ន្ធគួរពិនិត្យឡើងវិញជាបន្ទាន់អំពីបញ្ហានេះ។

ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានសង្កាត់អូរស្មាច់ បានឲ្យដឹងថា មួយរយៈកន្លងទៅនេះមានប្រជាពលរដ្ឋខ្មែរជាច្រើននាក់ត្រូវបានសមត្ថកិច្ចសៀម ចាប់វាយធ្វើបាប ចាប់ចងយកទៅផ្តន្ទាទោសតាមច្បាប់ក្នុងប្រទេសសៀម ហើយត្រូវព្រាត់ប្រាស់ក្រុមគ្រួសារប្រពន្ធកូនទៀតផង។ ប្រភពខ្លះបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ឃួន ភារុន មេបញ្ជាការវរការពារព្រំដែនគោក លេខ៤០២ និងមន្ត្រីក្រោមឱវាទទេនោះគឺគ្មានពលរដ្ឋណាអាចឆ្លងដែនខុសច្បាប់ចូលកាប់ឈើប្រណីតក្នុងទឹកដីសៀម បានឡើយ៕

 

 

 

 

Loading...