ខេត្តសៀមរាប ៖ ប៉ូលិសទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា ជនជាតិបារាំងទាំង៣នាក់ ដែលអាជ្ញាធរអប្សរាចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងការថតរូបអាក្រាតកាយនៅប្រាសាទបន្ទាយក្តី ក្នុងរមនីយ៍ដ្ឋានអង្គរនោះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបហើយ ដើម្បីចាត់វិធានការបន្តតាមផ្លូវច្បាប់កម្ពុជា។
លោកឧត្តមសេនីយ៍ទោ សំ ស៊ីយ៉ាន អនុប្រធាននគរបាលទេសចរណ៍ខេត្តសៀមរាប បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកមួយថា ជនសង្ស័យជាជនជាតិបារាំងទាំង៣នាក់ ដែលមាន ឈ្មោះ Vincent Henri អាយុ ២០ ឆ្នាំ, ឈ្មោះ Rodolphe Fourgeot អាយុ ២១ ឆ្នាំ និងឈ្មោះ Alexandre Andre Raymond អាយុ ២២ឆ្នាំ ត្រូវបានសម្រេចបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប កាលពីរសៀលថ្ងៃសុក្រម្សិលមិញ។ លោកថា រូបអាក្រាតដែលជនជាតិបារាំងទាំង៣នាក់ថតនោះ សមត្ថកិច្ចរកមិនឃើញទេ ព្រោះតែពួកគេលុបចោលអស់ ប៉ុន្តែយ៉ាងណាក៏ដោយ ដោយយោងតាមចម្លើយសារភាព បានបញ្ជាក់ថា ពួកគេបានប្រព្រឹត្តអំពើនេះមែន ដូច្នេះហើយទើបសមត្ថកិច្ចបញ្ជូនពួកគេឡើងតុលាការ។
រហូតមកទល់ពេលនេះ សាលាដំបូងខេត្តសៀមរាប នៅមិនទាន់ចោទជនជាតិបារាំងទាំង៣នាក់នោះជាផ្លូវការនៅឡើយទេ។
សូមបញ្ជាក់ថា ជនជាតិបារាំងទាំង៣នាក់នេះ ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ១១ និង៣០នាទី ថ្ងៃទី២៩ មករា កន្លងទៅ ខណៈពួកគេធ្វើសកម្មភាពថតរូបអាក្រាតនៅនឹងបរិវេណប្រាសាទបន្ទាយក្តី ក្នុងរមណីយដ្ឋានអង្គរក្នុងខេត្តសៀមរាប៕