ចាប់បានទៀតហើយ!! ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀនត្រូវប៉ូលិសក្របួចជាប់

(រតនគិរី)÷ ជនសង្ស័យ២នាក់ត្រូវបាននគរបាលស្រុកអូរជុំឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង០៥នាទីព្រឹក នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ត្រង់ចំណុចផ្លូវលំមួយកន្លែង ស្ថិតនៅក្នុងភូមិបរញុក ឃំុសាមគ្គី ស្រុកអូរជំុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យកានៃសាលាដំបូងខេត្ត។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា បន្ទាប់ពីធ្វើរដ្ឋបាលចំហរហើយបានឃើញជនសង្ស័យ២នាក់ជិះរ៉ឺម៉កម៉ូតូមកដល់ក៏បានសួរនាំនិងឆែកឆេររកឃើញថ្នាំញៀនមួយចំនួន ក៏បានឃាត់ខ្លួនជនសង្ស័យ២នាក់

ទី១-ឈ្មោះ គឺក ក្តា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិទំពួន មុខរបរមិនពិតប្រាកដ។

ទី២-ឈ្មោះ ហៃ គីមហួ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ជនសង្ស័យ២នាក់ មានទីលំនៅភភូមិ/ឃំុកើតហេតុខាងលើ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង -ម្ស៉ៅក្រាមពណ៌សថ្លាចំនួន ៣ថង់តូច សង្ស័យជាសារធាតុញៀន -ដែកកេស១និងម៉ូតូរ៉ឺម៉ក១គ្រឿង ម៉ាក អ៊ិចសែនធ័រ ដែលជាមធ្យោបាយរបស់ជនសង្ស័យ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់និងវត្ថុតាងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអូរជំុដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តនិងចាត់វិធានការទៅតាមនីតិវិធី៕

 

 

 

Loading...