ចាប់បានហើយជនដៃដល់ ដែលបានរឹត ក សម្លាប់កូនស្រីមន្ត្រីរដ្ឋសភា នោះ គឺជាពូបង្កើត

ភ្នំពេញ៖ ករណីកូនស្រីមន្រ្តីរដ្ឋសភា ត្រូវគេចូលទៅរឹតកសម្លាប់ប្លន់យកទ្រព្យសម្បត្តិ ដល់ក្នុងបន្ទប់ នៅខណ្ឌច្បារអំពៅ កាលពីព្រឹកមុិញនេះ រហូតដល់ល្ងាចថ្ងៃដដែលនេះ សមត្ថកិច្ចបានរកឃើញ មុខសញ្ញា ជនដៃដល់នោះហើយ គឺជាពូបង្កើតតែម្តង ។

លោក ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា កម្លាំងជំនាញ សហការគ្នា រហូតតាមចាប់ជនសង្ស័យបាន នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នារសៀលថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧នេះ។

លោកបានបញ្ជាក់ថា «យើងបានហើយធ្វើការស្រាវជ្រាវនិងមានកាំមេរ៉ាសុវត្ថិភាព ហើយសហការជាមួយកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ក៏ឈានទៅដល់ការ ឃាត់បានបុរសជនសង្ស័យជា ជនដៃដល់ត្រូវជាពូបង្កើតតែម្តង»។​

តាមការសាកសួរ ជនសង្ស័យបានសារភាពថា មកពីខ្វះខាតលុយដើម្បីចិញ្ចឹមគ្រួសារ។

សូមបញ្ជាក់ថា នារីកូនរបស់មន្រ្តីរដ្ឋសភា ត្រូវជនល្មើសមិនស្គាល់អត្តសញ្ញាណ ចូលទៅរឹតកសម្លាប់ចោលដល់ក្នុងប​ន្ទប់ដេក ប្លន់យកទ្រព្យសម្បត្តិជាគ្រឿងអលង្ការ និងទូរស័ព្ទដៃ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង​ជាង១១ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

សពនារីរងគ្រោះឈ្មោះ ពៅ សុភ័ក្រ្ត អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ត្រូវបានជនដៃដល់​យកខ្សែភ្លើង រឹតកបណ្ដាលសម្លាប់ក្នុងបន្ទប់ដេក។

ជិតខាង បានឲ្យដឹងថា អំពើឃាតកម្មនេះ បានដឹងដោយសារតែក្មេងស្រីតូចម្នាក់ ដែលជាប្អូនស្រីរបស់​នារីរងគ្រោះ បានស្រែកយំយ៉ាងខ្លាំងៗ នៅពេលកើតហេតុនេះ ខណៈឪពុកម្តាយរបស់នាង បានចេញទៅធ្វើការបាត់៕


Loading...