ចាប់បុរសនីហ្សេរីយ៉ាម្នាក់យកលុយដុល្លារក្លែងក្លាយបង់ថ្លៃផាកពិន័យឲ្យនគរបាលចរាចរណ៍ នៅគោលដៅស្ពានដែកចំការដូង ខណ្ឌដង្កោ

ភ្នំពេញ៖ កម្លាំងនគរបាលចរាចរណ៍ប្រចាំការ នៅគោលដៅស្ដុបអតីតស្ពានដែកចំការដូង បានឃាត់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌដង្កោ បន្ទាប់ពីជនជាតិបរទេសរូបនេះ បានយកលុយដុល្លារក្លែងក្លាយបង់ថ្លៃផាកពិន័យច្បាប់ចរាចរណ៍ ដោយសារខ្លួនបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០៖៤០នាទីព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។

នគរបាលចរាចរណ៍ ដែលឈរជើងនៅគោលដៅខាងលើ បានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួន គឺជនជាតិនីហ្សេរីយ៉ារូបនេះ បានបើករថយន្ត Pirus មួយគ្រឿង ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2BC-9125 ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ មកដល់ចំណុចស្តុបអតីតស្ពានដែក ភ្លើងស្តុបបានលោតពណ៌ក្រហម ប៉ុន្តែជននេះមិនបានឈប់ទេ គឺបានបើកបំពានភ្លើងស្តុប បត់ឡើងទៅផ្លូវ២១៧ (ផ្លូវចំការដូង) ហើយកម្លាំងនគរបាលចរាចរណ៍ ក៏ចាប់ផាកពិន័យតែម្ដង។

កំឡុងពេលបង់ថ្លៃផាកពិន័យជនជាតិបរទេសនោះ ក៏បានប្រគល់ក្រដាសប្រាក់១០០ដុល្លារ ប៉ុន្តែសមត្ថកិច្ចគ្មានលុយរាយអាប់ ក៏បានយកទៅដូរនៅទីតាំងដូរលុយ ចំនួន២កន្លែង តែគេបញ្ជាក់ថា លុយនោះជាលុយក្លែងក្លាយ ហើយសមត្ថកិច្ចបានប្រគល់ជូនជនជាតិនីហ្សេរីយ៉ានោះវិញ ស្រាប់តែរូបគេទាញយកមកហែកចោល មុខនគរបាល ដោយមិនចង់បង់ថ្លៃផាកពិន័យ ដូច្នេះសមត្ថកិច្ចក៏បានឃាត់ខ្លួនប្រគល់មកឲ្យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសួរនាំតែម្ដង។

នគរបាលខណ្ឌដង្កោ បញ្ជាក់ថា ជុំវិញករណីនេះ កម្លាំងជំនាញបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីប្រើប្រាស់លុយក្លែងក្លាយ៕

 

 

Loading...