ចាប់ពីថ្ងៃទី១-៤សីហានេះ កម្ពុជាអាចកើតមានជំនន់ទឹកភ្លៀង (Flash Flood) ដោយសារឥទ្ធិពលវិសម្ពាធ (TD)

ភ្នំពេញ៖  ក្រសួងធនធានទឹកនិងឧតុនិយមប្រកាសថា កម្ពុជាអាចកើតមានជំនន់ទឹកភ្លៀង (Flash Flood) ដោយសារឥទ្ធិពលវិសម្ពាធ (TD) ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក ស្តីពី ស្ថានភាពអាកាសធាតុ នៅ ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះ ។

ក្រសួងធនធានទឹក បានអោយដឹងថា ដោយសារឥទ្ធិពលវិសម្ពាធ (TD) ដែលបច្ចុប្បន្ននៅក្នុងសមុទ្រចិនខាងត្បូងក្បែរកោះហៃណាំ រួចបន្តដំណើរចូលវៀតណាមភាគខាងជើង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ ខាងមុននេះ ។

លក្ខណៈបែបនេះ ក្រសួងសូមធ្វើការជូនដំណឹងបន្ថែម ដោយចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ កម្ពុជា មានស្ថានភាពដូចតទៅ ៖

១,ចំពោះបណ្តាខេត្តនៅមាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន ខ្យល់ខ្លាំង និង រលកធំៗ ។ ទន្ទឹមនោះ ក៏អាចមានជំនន់ទឹកភ្លៀង កើតមានផងដែរ (Flash Flood) ។

២,ចំពោះបណ្តាខេត្តនៅភាគឥសាន នឹងអាចមានភ្លៀងធ្លាក់ច្រើននិងខ្យល់ខ្លាំង។

៣,ចំពោះបណ្តាខេត្តនៅភាគខាងក្រោម នឹងអាចទទួលនូវឥទ្ធិពល ហ្វឺន ធ្វើអោយកម្រិតទឹកភ្លៀងមានការថមថយចុះបន្តិច ។

៤,ចំណែកទឹកទន្លេមេគង្គ សង្ឃឹមថា នឹងងើបឡើង មូលហេតុមានភ្លៀងធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងភាគខាងលើ ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក សូមអោយប្រជាពលរដ្ឋ​មានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើង ជាយថាហេតុ ៕

Loading...