ខេត្តស្ទឹងត្រែង៖ ឈើប្រណិតជិត៥០ដុំ រថយន្តកាមរីឆ្លាមមួយគ្រឿង មានតម្លៃច្រើនពាន់ដុល្លារ ព្រមទាំងបុរសអ្នកដឹឈើពីរនាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកសេសាន ចុះ បង្ក្រាប និងឃាត់ខ្លួនបញ្ជូនមកកាន់ ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចងក្រងសំណុំរឿងប្រគល់ទៅឲ្យមន្ត្រីព្រៃឈើខេត្ត ចាត់ការទៅតាមច្បាប់ ស្តីពី ព្រៃឈើ ។
ការចុះបង្ក្រាបការដឹកជញ្ជូនឈើនេះ ត្រូវគេធ្វើឡើងកាលពីថ្ងៃយប់ថ្ងៃសុក្រទី៣មិថុនា ចុងសប្តាហ៍មុននេះ នៅលើផ្លូវក្រាលគ្រោះក្រហម១ខ្សែ ក្នុងភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង ។
មន្ត្រីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា បុរសជួញឈើទាំងពីរនាក់ ដែលឃាត់ខ្លួនបាននោះ ម្នាក់ឈ្មោះវ៉ាន់ ណម អាយុ៣៥ឆ្នាំ ជាឈ្មួញរកស៊ីដឹកឈើលក់ និងម្នាក់ទៀត ឈ្មោះភួន ផល្លី អាយុ២៤ឆ្នាំ ជាអ្នកជួញឈើដូចគ្នា ជនសង្ស័យទាំងពីរនាក់ រស់នៅភូមិស្រែគរ១ ឃុំស្រែគរ ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង គ្រាពួកគេកំពុងធ្វើសកម្មភាព ដឹកជញ្ជូនឈើចេញពីស្រុកសេសាន្ត។ ចំណែក វត្ថុតាងដែលដកហូតបាន មានរថយន្តកាមរីឆ្លាម ពណ៌ត្រីឆ្លូញ១គ្រឿង ពាក់ស្លាកលេខ 2C.8355 និងឈើប្រណិតពីរប្រភេទ ជាប្រភេទឈើធ្នង់ និងឈើបេង មានចំនួន៤៩ដុំ ស្មើនឹង០,៥១៧ ម៉ែត្រគូប ។
លោកថា ក្រោយការឃាត់ខ្លួន និងដកហូតវត្ថុតាងបានរួចហើយ ទាំងឈើ នរថយន្ត និងជនសង្ស័យទាំងពីរនាក់ ត្រូវបានបញ្ជូនមកកាន់ ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចងក្រងសំណុំរឿង ប្រគល់ទៅឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ចាត់ការជាបន្តទៅតាមច្បាប់។
មន្ត្រីព្រៃឈើខេត្តបានឲ្យដឹងថាជនសង្ស័យទាំងពីរនាក់ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ នៅបន្ទាប់ពីពួកគេបានទទួលស្គាល់កំហុសរបស់ខ្លួន និងយលព្រមបង់ពិន័យអន្តរការ តាមច្បាប់ស្តីពីព្រៃឈើនោះរួចមក ។ ចំណែក រថយន្តដែលជាមធ្យោបាយ បម្រើឲ្យការដឹកជញ្ជូនបទល្មើសព្រៃឈើនោះ ត្រូវបានរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ។
សេចក្តីរាយការណ៍ចុងក្រោយ ពីស្រុកសេសាន្តបានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើរបស់ក្រុមឈ្មួញ ចេញពីទីតាំងបង្ក្រាបខាងលើនេះ គឺបានកើតឡើងជាច្រើនឆ្នាំមកហើយ ។ ឯការធ្វើជំនួញឈើនេះ ត្រូវគេឲ្យដឹងថា សមត្ថកិច្ចប្រចាំនៅមូលដ្ឋាននោះ បានត្រូវរ៉ូវគ្នាជាមួយឈ្មួញ ហើយបានឃុបឃិតបើកឲ្យមានបទល្មើសនេះឡើង រហូតធ្វើឲ្យក្រុមឈ្មួញបានដៃ ដឹកឈើឥតសំចៃ នាំចេញពីឃុំស្រែគរ យកចូលទៅខេត្តរតនគីរី តាមរថយន្តតូចធំគ្រប់ប្រភេទ ហើយគេក៏មិនដែលឃើញ កម្លាំងយោធា នគរបាល និងកម្លាំងមេព្រៃនៅក្នុងមូលដ្ឋាននោះ ធ្វើការបង្ក្រាបបាននោះទេ ៕ បក្សីជាយដែន