ចាប់វៀតណាមប្រុសស្រីពីរនាក់​ ដែលលួចដឹកឈើខុសច្បាប់នៅស្រុកកោះញែក​ ប្រគល់ឲ្យបរិស្ថាន

ខេត្តមណ្ឌលគិរី÷ ជនជាតិវៀតណាមពីរនាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ ចាប់បញ្ជួនឲ្យមន្ទីរបរិស្ថានចាត់ការបន្ត គ្រាដែលដឹកឈើខុសច្បាប់។
ករណីខាងលើធ្វើឡើងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

វរៈសេនីយ៍ត្រី សូ ជីវន្ត​ នាយរងការិយាល័យប្រឆាំងបទល្មើស​ បានឲ្យដឹងថា ករណីនេះការិយាល័យប្រឆាំងបទល្មើសពិតជាបានបង្ក្រាបមែន​ និងបន្តកសាងសំណុំរឿងបញ្ជួនបន្តទៅមន្ទីរបរិស្ថានចាត់ការតាមនិតិវិធីច្បាប់។

លោកថា​ ជនសង្ស័យត្រូវបានឃាត់ខ្លួនពេលប្រើប្រាស់រថយន្តមួយគ្រឿងម៉ាកកាមរី ពណ៌គ្រាប់អំពិល ដឹកឈើចំនួន២១ដុំ​ ដោយតៃកុងមានឈ្មោះ វៀង វ៉ាន់ធិញ​ ភេទប្រុស អាយុ៥០ឆ្នាំ និងឈ្មោះ ឡេ យ៉ុង ភេទស្រី អាយុ៤៣ឆ្នាំ អ្នកទាំងពីរនាក់ជាជនជាតិវៀតណាម។

មន្ត្រីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី​ បញ្ជាក់នៅថ្ងៃទី០៦ ខែកក្កដានេះថា កំពុងកសាងសំណុំរឿង​ ដើម្បីបន្តចាត់ការលើករណីនេះផងដែរ៕

Loading...