ចាប់សត្វជ្រូករស់២៥ក្បាលដឹកតាមរថយន្តចេញពីស្រុកថៃគ្មានឯកសារត្រឹមត្រូវ

ខេត្តបន្ទាយមានជ័យ៖ សត្វជ្រូករស់ចំនួន២៥ក្បាលដឹកតាមរថយន្តចេញពីស្រុកថៃគ្មានឯកសារត្រឹមត្រូវបានអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វឃាត់បាននៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ។

ការឃាត់ខ្លួនជ្រូករស់ចំនួន២៥ក្បាលនេះតាមបទបញ្ជារបស់ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក
ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងនោះមានការសម្របសម្រួលពី លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ និងកងកំលាំងអធិការដ្ឋានស្រុកស្វាយចេក ចុះស្ទាក់ចាប់រថយន្ត១គ្រឿង ម៉ាក Ssangyong ពណ៌ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ ១៥កៅអី ពាក់ស្លាកលេខភ្នំពេញ2AH-1047។តាមចម្លើយម្ចាស់រថយន្តដឹកជ្រូកនិងតាមការបំភ្លឺពីមន្ត្រីជំនាញ នៃការិយល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យថារថយន្តខាងលើនេះបានដឹកសត្វជ្រូករស់មកពីប្រទេសថៃ តាមច្រកតំបន់១ ស្ថិតក្នុង ភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដឹកយកទៅចែកចាយនៅតាមបណ្តាខេត្តមួយចំនួន ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្រុមការងារបានឃាត់នៅ លើផ្លូវតែហាំង ភូមិគោករកា ឃុំតាប៉ែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្រោយពីឃាត់រថយន្តដឹកជ្រូកហើយ ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើនេះទៅ រក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់បន្ត៕

Loading...