ចាប់ស្រ្តីម្នាក់រកស៊ីទម្លាក់យោងដោយប្រើលុយដុល្លារនិងដុំមាសក្លែងក្លាយ

ខេត្តសៀមរាប​ ៖​ ជនសង្ស័យម្នាក់ ធ្វើសកម្មភាព​ឆបោកមានស្ថានទំងន់ទោស ក្លែងជារើសបានលុយដុល្លារក្លែងក្លាយ ចំនួន៧០០ដុល្លារអាមេរិក​ និង ដុំមាសសំណរក្នុងថង់ពណ៌ក្រហម បង្ហាញទៅជនរងគ្រោះ ហើយនិយាយថាយើងចែកគ្នាស្មើ កុំអោយអ្នកណាដឹង ក្នុងគោលបំណង លួងលោមយកខ្សែកមាសពិត ពីជនរងគ្រោះ ត្រូវបានឃាត់ខ្លួន។

កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ជនរងគ្រោះ ឈ្មោះ ស វ ហ ភេទស្រី អាយុ ៦៤ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិវាល​ សង្កាត់ជ្រាវ ក្រុង-ខេត្ត សៀមរាប បានទៅផ្សារលើ ដោយមានពាក់ គ្រឿងអលង្ការ ដូចជាខ្សែក​ ខ្សែដៃ​ ជាប់នឹងខ្លួន ទៅដល់ចំនុចកន្លែងលក់បន្លែ​ បរិវេណផ្សារលើ ក្នុងភូមិដកពោធិ៍​ សង្កាត់ស្លក្រាម​ ក្រុងសៀមរាប​ ខេត្តសៀមរាប​ ខ្លួនកំពុងឈរទិញបន្លែស្រាប់តែមានជនសង្ស័យ ភេទស្រី​ បានទះស្មាខ្លួនមួយដៃ​ ហើយអោយខ្លួនឡើងជិះម៉ូតូទៅជាមួយគេ​ និងមានបក្ខពួកចំនួន២នាក់ជិះម៉ូតូ១គ្រឿងផ្សេងទៀត ពេលខ្លួនឡើងជិះលើម៉ូតូ ក៏មានអ្នករត់ម៉ូតូឌុបម្នាក់ ដែលរស់នៅផ្ទះជាប់គ្នាបាន​ ហៅខ្លួន​ ហើយចាប់ដៃខ្លួនចុះពីម៉ូតូ​ និងស្រែកហៅ អ្នកនៅក្បែរកន្លែងកើតហេតុ អោយជួយឃាត់ជនសង្ស័យ ភ្លាមៗនោះ នគរបាលផ្នែកសណ្តាប់ធ្នាប់និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដែលឈជើងនៅខាងមុខផ្សារលើ បានសហការណ៍ជាមួយក្រុមសន្តិសុខផ្សារលើ ធ្វើការឃាត់ខ្លួន ជនសង្ស័យ នាំមកអធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីធ្វើការសាកសួរនាំ ។

ជនសង្ស័យឈ្មោះ ឡាត់​ ស្រីរើន​ ហៅម៉ាប់ ភេទស្រី​ អាយុ៣០ឆ្នាំ មុខរបរ​ មិនពិតប្រាកដ​ ទីលំនៅបច្ចុប្បន្នភូមិទួលតាឯក​ សង្កាត់ទួលតាឯក​ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានឆ្លើយសារភាពថាខ្លួន ជាមួយ ឈ្មោះ​ រ៉ា​ និងឈ្មោះ​ ថន​ មិនស្គាល់ត្រកូល មានទីលំនៅរាជធានីភ្នំពេញ​ បានធ្វើសកម្មភាព​យកលុយក្លែងក្លាយ​ ចំនួន៧០០ដុល្លារអាមេរិក​ និងសំ​ណរ​ ដាក់ក្នុងថង់ពណ៌ក្រហមចំនួន០១​ ដាក់ក្នុងកាបូបហើយបង្ហាញទៅជនរងគ្រោះ​ ដោយនិយាយថាចែកគ្នា​ម្នាក់១០០០ដុល្លារ​ កុំអោយអ្នកណាដឹង ក្នុងគោលបំណង លួងលោមយកខ្សែក ពីជនរងគ្រោះ​។ ពេលជនរងគ្រោះជិះម៉ូតូជាមួយខ្លួនបានបន្តិច​ អ្នករត់ម៉ូតូឌុប ដែលធ្លាប់ស្គាល់ ជនរងគ្រោះបានហៅជនរងគ្រោះ និងចាប់ដៃជនសង្ស័យជាប់ ចំណែកបក្សពួកខ្លួន ឃើញរបៀបមិនស្រួលក៏គេចខ្លួនបាត់ ចំណែកខ្លួន ក៏ត្រូវបាន សមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្តង ។

វត្ថុតាងដកហូតបាន ក្រដាសលុយ១០០ដុល្លារ (ក្លែងក្លាយ) ចំនួន៧សន្លឹក ដុំសំណមានពណ៌ដូចមាស ចំនួន៣ដុំតូចៗ
ថង់ពណ៌ក្រហមចំនួន១ កាបូបចំនួន១។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ជនសង្ស័យនិងវត្ថុតាងត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។ចំណែកបក្ខពួកជនសង្ស័យចំនួន២នាក់ទៀត មន្ត្រីនគរបាលយុត្តិធម៌ក្រុងសៀមរាបកំពុងធ្វើការស្រាវជ្រាវ កំណត់អត្តសញ្ញាណ ដើម្បីធ្វើការស្វែងរក ឃាត់ខ្លួនបន្តទៀត ៕

Loading...