ចាប់​ខ្លួន​មេធំ​ចែកចាយ​គ្រឿងញៀន​​ជនជាតិ​ឡាវ​ម្នាក់ ​​ជាមួយ​គ្រឿងញៀន​ជិត​៣០គីឡូ

ខេត្តស្ទឹងត្រែង ​៖ ​នគរបាលការិយាល័យ​ក​៥​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​(BLO)​ដឹកនាំ​ដោយ​លោក​ឧ​ត្តម​សេនីយ៍​ទោ​សាន សុ​ទ្ធី​ នាយក​រង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ បាន​បើក​ប្រតិបត្តិការ ចុះបង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ឡាវ​ម្នាក់ រួមជាមួយ​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)៣០​ដុំ​ស្មើ​នឹង​២៩.៨៨៥,១​ក្រាម​ដែល​បាន​ឆ្លងដែន​ចូល​មក​ចំណុច​វ៉ើ​ន​ខាំ​ទឹកដីខ្មែរ ​។

ការចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ម្នាក់​ខាងលើ​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ ថ្ងៃ​ទី​០៣​ ខែ​មីនា​ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ស្ពាន​ទី​២ ស្ថិត​ក្នុង​ភូមិ​ខាំ​ផាន់ សង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែង ប្រទេសខ្មែរ ​។

ប្រភពពីលោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សាន សុ​ទ្ធី​ នាយក​រង​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជនជាតិ​ឡាវ​ម្នាក់​ ឃាត់ខ្លួន​នេះ មានឈ្មោះ​អាំ​ណ​យ​ស័​ក្ខ​សី​រី​ស័​ក្ខ​(​ហៅ​កុក​) អាយុ​៤៣​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​វៀង​សៃ ស្រុក​ហ្លួង​ផា​បាង ខេត្ត​ហ្លួង​ផា​បាង ប្រទេស​ឡាវ​ ។

បើតាមនាយ​យក​រង​កា​រិ​យាល័យ​ក៥​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ឡាវ​ម្នាក់​ខាងលើ​នេះ កម្លាំង​ជំនាញ​បាន​ប្រើ​វិធាន​ញុះញង់ ក្រោម ការស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​អស់​រយៈពេល​យ៉ាងយូរ នៅ​តាម​ភូមិសាស្ត្រ​ខាង​លើ​ដែល​ក្រុម​ឧក្រិដ្ឋជន តែងតែ​លប​លួច​ធ្វើ​សកម្មភាព​នាំ​គ្រឿងញៀន​ឆ្លងដែន​ចូល​មក​ទឹកដីខ្មែរ ។

ប្រភពបន្ត​ថា ​ដោយសារ​កម្លាំង​របស់​លោក​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ទើប​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​បញ្ជូនមក​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត ធ្វើការ​សាកសួរបន្ត ​។

សូមបញ្ជាក់ថា គ្រឿងញៀន​ត្រូវ​បាន​ធ្វើតេស្ត​រក​សារ​ធាតុ​ញៀន ចំពោះ​មុខ​ជនសង្ស័យ និងមាន​ការចូលរួម​ពី​លោក​ចៅក្រម លោក​គឹម ហុង​សាន ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត​ផងដែរ​។ ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព ចំពោះ​មុខ​សមត្ថកិច្ច​ថា ​វត្ថុតាង​គ្រឿងញៀន​ទាំង​៣០​ដុំ ដែល​សមត្ថកិច្ច​បង្ក្រាប គឺ​ខ្លួន​គ្រាន់តែ​ស៊ីឈ្នួល​ដឹក​ឲ្យ​គេ ក្នុង​តម្លៃ​ជាង​២​សែន​បាត​ (ប្រាក់សៀម) ​។

ពេលនេះ​ជនសង្ស័យ​ជនជាតិ​ឡាវ​ម្នាក់ ​រួម​នឹង​ង​វត្ថុ​តាំង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន​៣០​ដុំ​ស្មើ​និង​២៩,៨៨៥,១​ក្រាម ត្រូវ​បាន​រក្សាទុក​នៅ​ស្នងការ​ខេត្ត​ដើម្បី​សមត្ថកិច្ច​រៀបចំ​សំណុំរឿង នាំខ្លួន​រួម​និង​វត្ថុតាង​យក​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាមនីតិវិធី ៕

Loading...