ចិនត្រៀមដំណាក់កាលចុងក្រោយបេសកកម្មយកដុំថ្ម និងកម្ទេចកម្ទីពីឋានព្រះច័ន្ទ

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកបច្ចេកទេសចិនកំពុងរៀបចំចុងក្រោយដើម្បីបេសកម្មនាំយកសារធាតុពីលើផ្ទៃព្រះច័ន្ទឡើងវិញ ។ នេះជាការជឿនលឿនដ៏សំខាន់មួយសម្រាប់កម្មវិធីអវកាសរបស់ប្រទេសចិន។

យាន Chang’e 5 គឺជាបេសកកម្មទៅកាន់ឋានព្រះច័ន្ទដ៏មានមហិច្ឆតាបំផុតរបស់ប្រទេសចិន ហើយជាលើកដំបូងបំផុត ក្នុងរយៈពេល ៤ ទសវត្សរ៍ ដែលចិនជាប្រទេសមួយបានព្យាយាមនាំយកដុំថ្ម និងកម្ទេចកម្ទីពីឋានព្រះច័ន្ទមកកាន់ភពផែនដី ។ បេសកកម្មនេះអាចជំរុញដល់ការយល់ដឹងរបស់មនុស្សអំពីព្រះច័ន្ទ, អំពីអាយុកាល, អំពីធនធានរបស់ព្រះច័ន្ទ និងប្រព័ន្ធព្រះអាទិត្យជាទូទៅផងដែរ ។

តាមការពណ៌នាអំពីបេសកកម្មនេះរបស់អង្គការណាសា (NASA)បញ្ជាក់ថា យានអវកាស Chang’e 5 ចំនួន ៤គ្រឿងត្រូវបានរំពឹងថា នឹងបញ្ជូនទៅកាន់ទីអវកាសនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈគ្រាប់រ៉ុក្កែត Long March-5 ដ៏ធំមួយ ។ ការបាញ់បង្ហោះនេះស្ថិតនៅចំណុចមជ្ឈមណ្ឌលបាញ់បង្ហោះយានអវកាស Wenchang តាមបណ្តោយឆ្នេរសមុទ្រខាងត្បូង ខេត្តកោះហៃណាន ។

រដ្ឋបាលអវកាសជាតិចិន ជាការសម្ងាត់បាននិយាយថា ការបាញ់បង្ហោះយានអវកាសនេះគ្រោងធ្វើឡើងនៅចុងខែវិច្ឆិកា ។

យោងតាមអង្គការណាសាបញ្ជាក់ទៀតថា ភារកិច្ចសំខាន់របស់បេសកកម្មយានអវកាស Chang’e 5គឺខួងចម្ងាយ ២ ម៉ែត្រ (ជិត ៧ ហ្វីត) នៅពីក្រោមផ្ទៃព្រះច័ន្ទនិងរកឲ្យឃើញថ្មប្រហែល ២ គីឡូក្រាម (៤,៤ ផោន) និងកម្ទេចកម្ទីផ្សេងទៀតដែលត្រូវយកមកកាន់ភពផែនដីវិញ។ នោះគឺជាឱកាសដំបូងគេដែលអ្នកវិទ្យាសាស្ត្រត្រូវសិក្សាស្រាវជ្រាវពីសារធាតុដុំថ្ម កម្ទេចកម្ទីនៅលើឋានព្រះច័ន្ទ ដែលទើបទទួលបាន គិតចាប់តាំងពីបេសកកម្មរបស់អាមេរិក និងប្រទេសរុស្ស៊ីនៅទសវត្សរ៍ ១៩៦០ និង ១៩៧០នោះរហូតមក ។

លោក Jonathan McDowell អ្នកតារាវិទូប្រចាំនៅមជ្ឈមណ្ឌលតារាសាស្ត្រ Harvard-Smithsonian បានមានប្រសាសន៍ថា បេសកកម្មនេះ «ពិតជាពិបាកណាស់» ប៉ុន្តែប្រទេសចិនបានចុះចតនៅលើភពព្រះច័ន្ទចំនួនពីរដងរួចមកហើយនូវយានអវកាស Chang’e 3 និងយាន Chang’e 4 ។ ឆ្នាំ២០១៤ ចិនបានបង្ហាញរួចហើយដែរអំពីបេសកកម្មសាកល្បង យាន Chang’e 5 ដែលវាអាចវិលត្រឡប់មកកាន់ផែនដី, ការចូលទៅកាន់ជាថ្មី និងការចុះចតរបស់កំសួលយាននៅលើឋានព្រះច័ន្ទ ។ លោក Jonathan McDowell បន្តថា អ្វីដែលនៅសេសសល់ក្រៅពីនេះគឺថា វាអាចប្រមូលគំរូ និងយកចេញពីព្រះច័ន្ទវិញតែប៉ុណ្ណោះ ។

លោកបានមានប្រសាសន៍ថា“ ជាលទ្ធផលខ្ញុំមានសុទិដ្ឋិនិយមថា ប្រទេសចិនអាចបញ្ចប់បេសកកម្មនេះ”៕

Loading...