ចិនធ្វើព្យុហយាត្រាទ្រង់ទ្រាយធំ បិទអាកាសយានដ្ឋាន និងហាងលក់ទំនិញនានា

រដ្ឋាភិបាលចិនបានចេញបញ្ជាឲ្យបិទផ្លូវ និងហាងលក់ទំនិញគ្រប់ប្រភេទ ព្រមទាំងអាកាសយានដ្ឋានជាបណ្តោះអាសន្នផងដែរដើម្បីធានាដល់ការធ្វើព្យុហយាត្រាកម្លាំងយោធាទ្រង់ទ្រាយធំដែលគ្រោងនឹងធ្វើឡើងនៅសប្តាហ៍ខាងមុខនេះនៅក្នុងទីក្រុងប៉េកាំងដើម្បីរំលឹកខួប៧០ឆ្នាំនៃការបញ្ចប់សង្គ្រាមលោកលើកទី២ ។

ការធ្វើព្យុហយាត្រានៅលើកនេះគឺជាលើកទី៤ហើយរបស់ប្រទេសចិនចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០រៀងរហូតមក ។ អាកាសយានដ្ឋានដ៏សំខាន់ក្នុងរដ្ឋធានីត្រូវបិទជាបណ្តោះអាសន្នក្នុងរយៈពេល៣ម៉ោង, ផ្លូវជាច្រើនខ្សែ និងហាងលក់ទំនិញនានាក៏ត្រូវប្រកាសឲ្យបិទផងដែរ ។

ប៉ុន្តែទោះបីជាបែបនេះក៏ដោយ មេដឹកនាំលោកខាងលិចហាក់ដូចជារសាត់ខ្លួនទៅឆ្ងាយពីព្រឹត្តិការណ៍ដែលទីក្រុងប៉េកាំងកំពុងរៀបចំធ្វើឡើងនាពេលនេះ ។

កាលពី២សប្តាហ៍មុននេះផងដែរ ទីក្រុងប៉េកាំងបានធ្វើសមព្យុហយាត្រាកងកម្លាំងប្រដាប់អាវុធទ្រង់ទ្រាយធំនេះហើយ ។ ក្នុងរយៈពេល២ថ្ងៃ ផ្លូវជាច្រើនខ្សែត្រូវបិទ ខណៈដែលហាងលក់ទំនិញ គ្រឹះស្ថានសេដ្ឋកិច្ចនានាក៏ត្រូវបានផ្អាកជាបណ្តោះអាសន្នផងនោះ ។

ម្ចាស់ហាងលក់ទំនិញម្នាក់ ឈ្មោះ Li Qian បានបញ្ជាក់ថា ជាធម្មតាហាងលក់ទំនិញរបស់គាត់លក់ដាច់ខ្លាំងណាស់ មនុស្សម្នាជាច្រើនបានចូលមកទិញទំនិញនៅក្នុងហាងរបស់គាត់ ប៉ុន្តែដល់ពេលមានការប្រកាសឲ្យបិទផ្លូវអីចឹងទៅ ហាងទំនិញរបស់គាត់មានការស្ងាត់មនុស្ស ប៉ះពាល់ដល់ការរកចំណូលរបស់គាត់ ។

ប៉ុន្តែមិនមែនតែពលរដ្ឋក្រុងប៉េកាំងនោះទេ ដែលថាផ្អាក់ដំណើរអាជីវកម្មរបស់ខ្លួនបណ្តោះអាសន្ននោះ អាកាសយានដ្ឋានធំ២ក្នុងរដ្ឋធានីក៏ត្រូវបិទ៣ម៉ោងផងដែរ ក្នុងថ្ងៃដែលព្រឹត្តិការណ៍កើតឡើងនោះ ។

ជាមួយគ្នានេះដែរ ពលរដ្ឋខ្លះទៀតដែលនៅកណ្តាលទីក្រុងប៉េកាំងដែលប្រកបរបរជាគ្រូទាយ ឬជាទីតាំងព្រះវិហារដើម្បីឲ្យមានការចូលអុជធូបបួងសួងសុំសេចក្តីសុខនោះ ក៏ត្រូវបិទទ្វារ និងទទួលភ្ញៀវដែរ ។

ព្យុហយាត្រានេះគឺជាការរំលឹកលើកទី៧០ឆ្នាំ ថ្ងៃបញ្ចប់សង្គ្រាមលោកលើកទី២ ។ រដ្ឋាភិបាលបានតម្រៀបសព្វាវុធទំនើបៗ ដូចជារថពាសដែកជាដើមជាច្រើនរយគ្រឿង អមទៅដោយកងកម្លាំងទាហានច្រើនពាន់នាក់ធ្វើព្យុហយាត្រាចេញពី Chang’an Avenue ឆ្លងកាត់ទីក្រុងប៉េកាំងឆ្ពោះទៅកាន់ទីលាន Tiananmen ។

ពលរដ្ឋភាគច្រើននៅក្នុងទីក្រុងប៉េកាំង ពួកគេមិនបានសម្តែងការថ្នាំងថ្នាក់ចិត្តចំពោះសកម្មភាពនេះទេ ដោយពួកគេនិយាយថា វាមិនមានរយៈពេលវែងនោះទេ វាត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះ ។ ពួកគេបានត្រៀមលក្ខណៈដោយទិញម្ហូបអារទុកជាមុនរួចស្រេចអស់ហើយដែរ ។
សាស្ត្រាចារ្យមួយរូបឈ្មោះ Su Hao មកពីសាកលវិទ្យាល័យកិច្ចការបរទេសចិនបានថ្លែងថា ការធ្វើព្យុហយាត្រានេះជាព្រឹត្តិការណ៍សំខាន់ដែលត្រូវតែរំលឹកធ្វើឡើង ។ វាបានបង្ហាញពីតម្លៃរបស់ជាតិ រហូតទៅដល់ប្រជាជន ។ ក្នុងចំណុចនេះ បើពលរដ្ឋដែលមានការយល់ដឹង គេនឹងចូលរួមគាំទ្រពេញទំហឹងដល់ព្រឹត្តិការណ៍នេះ ។

រហូតមកដល់ពេលនេះ មានប្រទេស៤៩ជុំវិញពិភពលោកបានបញ្ជាក់ពីការចូលរួមរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ព្យុហយាត្រានេះ ។ ក្នុងនោះមាន៣០រូបជាមេដឹកនាំប្រទេស ។ ទោះបីជាបែបណាក៏ដោយ មេដឹកនាំលោកខាងលិចបានបញ្ជាក់ថា ពួកគេនឹងនៅឲ្យឆ្ងាយពីព្រឹត្តិការណ៍នេះ ។

មន្ត្រីសហភាពអឺរ៉ុប និងអាមេរិកតែងតែសម្តែងការព្រួយបារម្ភថា ការបង្ហាញអំណាចយោធារបស់ចិននេះ ជាសញ្ញាមួយកាន់តែខ្លាំងក្លាទៀតថែមពីលើស្ថានការណ៍ដែលកំពុងតានតឹងនៅក្នុងតំបន់ស្រាប់ទៅហើយនោះ ។
លោកសាស្ត្រាចារ្យ Su Hao បានបញ្ជាក់ថា ជំហរនាពេលបច្ចុប្បន្នរបស់សហគមន៍អន្តរជាតិ គឺមានសភាពស្មុគស្មាញ់បំផុត ។ អាមេរិកប្រកួតប្រជែងឥទ្ធិពល គំរាមចិន ចាត់ទុកចិនថាជាសត្រូវដ៏សំខាន់។ លោកបន្តថា តំណាងប្រទេសលោកខាងលិចមិនចង់ឲ្យប្រទេសលោកខាងលិចដែលគេហៅថាសម្ពន្ធមិត្តរបស់ពួកគេនោះបញ្ជូនតំណាងមេដឹកនាំរបស់ពួកមកចូលរួមការធ្វើព្យុហយាត្រានេះទេ ៕

The Week That Was In Asia Photo Gallery

paradechina

parade

Loading...

Leave a Reply

Your email address will not be published. Required fields are marked *