ចិនសន្យាផ្តល់ជំនួយយោធាជាង១០០លានដុល្លារដល់កម្ពុជា

ក្រសួងការពារជាតិកម្ពុជាបានប្រកាសកាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ថាៈ ប្រទេសចិនបានផ្តល់ជំនួយយោធាជាង១០០លានដុល្លារដល់កម្ពុជា ។ ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា នេះជាការគូសបញ្ជាក់ចំណងទំនាក់ទំនងរឹងមាំ រវាងក្រុងប៉េកាំង នឹងរដ្ឋាភិបាលកម្ពុជា ហើយដែលក្រុមអ្នករិះគន់បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាពីបទបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មុនការបោះឆ្នោតខែកក្កដា មកដល់នោះ ។

គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានគេរំពឹងថា នឹងអាចឈ្នះការបោះឆ្នោតសកលបានយ៉ាងងាយស្រួលនៅថ្ងៃទី២៩ ខែកក្កដា នៅពេលដែលតុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិ (CNRP) កាលពីខែវិច្ឆិកា ឆ្នាំមុន តាមសំណើរបស់រដ្ឋាភិបាល ។

ជំនួយយោធានេះ ត្រូវបានផ្តល់ជូនដោយ លោក Wei Fenghe រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងរាជធានីភ្នំពេញដើម្បីចូលរួមពិព័រណ៍យោធាចិន – កម្ពុជា ក្នុងអំឡុងទស្សនកិច្ចមួយដែលបានចាប់ផ្តើមនៅថ្ងៃទី១៦ ខែមិថុនា ហើយនឹងបញ្ចប់នៅថ្ងៃពុធ ។

អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ បានថ្លែងថា លោក Wei Fenghe បានសន្យាផ្តល់ជំនួយជាង១០០លានដុល្លារ ដែលត្រូវប្រើសម្រាប់អ្វីដែលកម្ពុជាត្រូវការ ហើយថា កងទ័ពចិន និងកម្ពុជា នឹងធ្វើសមយុទ្ធរួមគ្នាដែលមានឈ្មោះថា “នាគមាស” ម្តងទៀតនៅឆ្នាំក្រោយ ។

អ្នកនាំពាក្យរូបនេះបានប្រាប់ថា “គាត់មិនបានបញ្ជាក់ថាអ្វីដែលយើងអាចទិញបាននោះទេ ប៉ុន្តែជាការប្រើប្រាស់សម្រាប់តម្រូវការណាមួយដែលចាំបាច់” ។

ប្រទេសចិន គឺជាម្ចាស់ជំនួយដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ។ ការគាំទ្រប្រទេសចិនបានជួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន គ្រប់គ្រងប្រទេសកម្ពុជាអស់រយៈពេល៣៣ឆ្នាំមកហើយ ។

ការហាមប្រាមក្រុមប្រឆាំងនៅកម្ពុជាត្រូវបានថ្កោលទោសពីសហរដ្ឋអាមេរិក, សហភាពអឺរ៉ុប និងប្រទេសដទៃទៀត ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចោទប្រកាន់សហរដ្ឋអាមេរិចថា បានគាំទ្រគណបក្សសង្គ្រោះជាតិ ឱ្យធ្វើបដិវត្តពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោក ។

ប្រទេសកម្ពុជាបានផ្អាកការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិក ដោយគ្មានកំណត់ ប៉ុន្តែបានធ្វើសមយុទ្ធយោធារួមគ្នាជាមួយចិនពីរលើកចាប់តាំងពីឆ្នាំ២០១៦ ៕

 

Loading...