ចិនស្វាគមន៍ដំណើរទស្សនកិច្ចមន្ត្រីអង្គការសុខភាពពិភពលោកដើម្បីស៊ើបអង្កេតប្រភពវីរុសកូវីដ-១៩

អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ១៧ ខែធ្នូនេះថា ប្រទេសចិនបានស្វាគមន៍ក្រុមការងារអន្តរជាតិស៊ើបអង្កេតមួយចូលទៅក្នុងករណីកូវីដ-១៩ ដែលរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសនេះនៅដើមខែមករា។

លោក Babatunde Olowokure នាយកគ្រាអាសន្នប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចបានប្រាប់សន្និសីទសារព័ត៌មានថា អង្គការនេះកំពុងពិភាក្សាជាមួយទីក្រុងប៉េកាំងអំពីកន្លែងដែលក្រុមអ្នកស៊ើបអង្កេតនិងធ្វើដំណើរទៅប្រទេសចិន។

លោក Babatunde Olowokure បានអះអាងថា “អង្គការសុខភាពពិភពលោកបន្តទាក់ទងប្រទេសចិននិងពិភាក្សាជាមួយក្រុមអន្តរជាតិនិងទីកន្លែងដែលពួកគេទៅទស្សនកិច្ច។ ការយល់ដឹងរបស់យើងនៅពេលនេះគឺថាប្រទេសចិនកំពុងស្វាគមន៍ក្រុមអន្តរជាតិនិងដំណើរទស្សនកិច្ចរបស់យើងនេះត្រូវបានគេរំពឹងទុកដូចដែលយើងបានដឹងនឹងកើតឡើងនៅដើមខែមករា” ។

កាលពីថ្ងៃពុធសមាជិកអង្គការសុខភាពពិភពលោក និងអ្នកការទូតបានប្រាប់រ៉យទ័រថា បេសកកម្មអន្តរជាតិដឹកនាំដោយអង្គការសុខភាពពិភពលោកត្រូវបានគេរំពឹងថានឹងទៅប្រទេសចិននៅសប្តាហ៍ដំបូងនៃខែមករាដើម្បីស៊ើបអង្កេតពីប្រភពដើមនៃការឆ្លងវីរុសកូវីដ-១៩នៅទីក្រុងវូហានដែលបង្កឱ្យមានជំងឺរាតត្បាតឆ្លងរាលពេញពិភពលោក ។

សហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសចិនថា បានលាក់បាំងវិសាលភាពនៃការផ្ទុះឡើងវីរុសកូវីដ-១៩ បានអំពាវនាវឱ្យមានការស៊ើបអង្កេតដឹកនាំដោយអង្គការសុខភាពពិភពលោកប្រកបដោយតម្លាភាព និងបានរិះគន់ពីលក្ខខណ្ឌដែលអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រចិនធ្វើការស្រាវជ្រាវដំបូង។

គួរបញ្ជាក់ថា មនុស្សជាង៧២,៩២លាននាក់ត្រូវបានរាយការណ៍ថា បានឆ្លងវីរុសកូវីដ-១៩នៅទូទាំងពិភពលោកហើយមនុស្ស១.៦៤១.៧៣៣នាក់បានស្លាប់។ ការឆ្លងត្រូវបានគេរាយការណ៍នៅក្នុងប្រទេស និងដែនដីជាង២១០ចាប់តាំងពីមានករណីដំបូងត្រូវបានគេរកឃើញនៅក្នុងប្រទេសចិនកាលពីខែធ្នូ ឆ្នាំ២០១៩ ៕

Loading...