ចិន កូរ៉េខាងជើងបើកតំបន់សេដ្ឋកិច្ចរួមគ្នានៅក្នុងខែតុលា

ប្រព័ន្ធផ្សព្វផ្សាយរបស់ចិន កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ បានផ្សព្វផ្សាយ នៅក្នុងខែតុលា ឆ្នាំ២០១៥ ទីក្រុងប៉េកាំង និងទីក្រុងព្យុង នឹងបើកតំបន់សេដ្ឋកិច្ចរួមគ្នា ដែលជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីលើកស្ទូយសេដ្ឋកិច្ចប្រទេសទាំងពីរឲ្យមានភាពល្អប្រសើរ បើទោះបីមានការប្រឈមមុខតានតឹងដាក់គ្នាក៏ដោយ ។

តំបន់ពាណិជ្ជកម្ម Guomenwan ស្ថិតនៅភាគឦសាន ទីក្រុង Dandong ខេត្ត Liaoning នឹងត្រូវបានបើកឲ្យដំណើរការពាណិជ្ជកម្ម និងទេសចរណ៍ ។ នេះបើតាមទីភ្នាក់ងារព័ត៌មានស៊ីនហួដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ចិនមកផ្សព្វផ្សាយ ។

ទីភ្នាក់ងារនេះបន្តថា រដ្ឋាភិបាលចិនមានគម្រោងវិនិយោគនៅតំបន់សេដ្ឋកិច្ចខាងលើនេះក្នុងទំហំទឹកប្រាក់ ១៥៦លានដុល្លារ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ប្រាកដនៅឡើយថា តើមានគម្រោងវិនិយោគទៅលើវិស័យអ្វី ហើយដែលពលរដ្ឋប្រទេសទាំងពីរអាចស្នាក់នៅពីចម្ងាយព្រំដែន២០គីឡូម៉ែត្រពីតំបន់ពាណិជ្ជកម្មនេះដើម្បីចេញ ចូលបម្រើការងារ ព្រមទាំងមានការកំណត់ឲ្យរួចពន្ធថែមទៀតផង ។

កាលពីពេលកន្លងមកនេះ មានការប៉ុនប៉ងបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចសេរីមួយដែរ ដែលជាផ្នែកមួយរបស់ចិនដើម្បីមានឥទ្ធិពលទៅលើកូរ៉េខាងជើងនៅក្នុងការកែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចនោះ ប៉ុន្តែបន្ទាប់ពីមានការសិក្សាត្រូវគេរកឃើញថា មានការខ្វះទំនុកចិត្តពីក្រុមអ្នកវិនិយោគដោយសារតែភ័យខ្លាចនៅក្នុងការដាក់វិនិយោគទុនទៅលើប្រទេសដែលកំពុងស្ថិតក្រោមការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិនោះ ។

កូរ៉េខាងជើងដែលជាប្រទេសស្ថិតនៅដោយឡែកតែឯកឯងក្នុងចំណោមប្រទេសជុំវិញពិភពលោកនោះ មានបណ្តាញទំនាក់ទំនងសេដ្ឋកិច្ចតិចតូចបំផុតជាមួយពិភពលោកខាងក្រៅ ក្រៅតែជាមួយប្រទេសចិនប៉ុណ្ណោះ ។ ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់របស់កូរ៉េខាងជើងតាំងពីរាប់ទសវត្សរ៍កន្លងមកហើយ ហើយជាមួយគ្នានេះចិនតែងតែការពារសម្ពន្ធមិត្តកូរ៉េខាងជើងតាមរយៈផ្លូវការទូតជានិច្ច ។

កូរ៉េខាងជើងទទួលរងការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិ និងពីរដ្ឋាភិបាលអាមេរិក ដោយសារតែកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ ។

នៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ ទំនាក់ទំនងរវាងចិន នឹងកូរ៉េខាងជើងហាក់មានការប្រែប្រួលល្អក់កករមិនសូវល្អូកល្អិនដូចកាលពីសម័យមុន ហើយប្រទេសចិនបានងាកទៅរកទំនាក់ទំនងល្អប្រសើរជាមួយកូរ៉េខាងត្បូងវិញដែលជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលំដាប់លេខរៀងទី៤នៅតំបន់អាស៊ី និងជាសត្រូវដ៏សំខាន់របស់កូរ៉េខាងជើង ៕

China North Korea border

chinese truck in shineuiju

Loading...

Leave a Reply

Your email address will not be published. Required fields are marked *