ចុះទៅ​បិទ​ហាង​លក់​សាច់​ឆ្កែ​ជាថ្មី​ក្រោយ​ម្ចាស់​មិន​គោរព​កិច្ចសន្យា​

សៀមរាប​: មន្ត្រី​បសុពេទ្យ កាលពី​រសៀល​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២១​នេះ បាន​ចុះទៅ​បិទ​ហាង​លក់​សាច់​ឆ្កែ​មួយកន្លែង ខណ​:​ក្រុម​ភ្ញៀវ​ត្រៀមលក្ខណ​: កកកុញ​គ្នា​ហូប និង​បន្តធ្វើ​កិច្ចសន្យា ៤​កន្លែង​ផ្សេងទៀត​។

​លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តសៀមរាប បានអោយដឹង​តាម​ទូរ​សព្ទ័​នា​ព្រឹក​ថ្ងៃទី​៣ ខែមេសា​នេះ​ថា ហាង​លក់​សាច់​ឆ្កែ​នៅក្នុង​ខេត្តសៀមរាប​មាន​ចំនួន​ជាង​៣០​កន្លែង​។ ប៉ុន្តែ​កន្លងមក មន្ត្រី​បាន​ចុះ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​រួចហើយ ។ ក្នុងនោះដែរ​ហាង​ជាង​២០​កន្លែង បាន​បញ្ឈប់​ទាំងស្រុង​ដោយ នៅសល់​ត្រឹម​៥ កន្លែង​ប៉ុណ្ណោះ​។​

​លោក​បាន​បន្តថា ក្នុងចំណោម​៥​កន្លែង​ដែល​មិនទាន់​ឈប់​នោះ ៤​កន្លែង​បានធ្វើ​កិច្ចសន្យា និង​១​កន្លែង​ដែល​ស្ថិត​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្បែរ​វត្ត​ពោធិ​ពីរ​ដើម មាន​ម្ចាស់​ហាង​ឈ្មោះ ជី សុជាតិ គឺ​បញ្ឈប់​ទាំងស្រុង ព្រោះ​បានធ្វើ​កិច្ចសន្យា​ជា​លើក​ទី​២​ហើយ​។

​លោក​ព្រំ វិច អោយដឹងទៀតថា កាលពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០ មន្ទីរ​កសិកម្ម​ខេត្ត បានចេញ​លិខិត​ជូនដំណឹង​រួចហើយ​ដែរ ស្តីពី​ការហាមឃាត់​ការធ្វើ អាជីវកម្ម​ទិញ លក់ ពិឃាតសត្វ​សុនខ (​ឆ្កែ​)​។ តែបើ​ទោះបីជា​ពួក គាត់​ធ្លាប់​បានទទួល​ធ្វើ​កិច្ចសន្យា​មែន យើង​ក៍​មិនអាច​ទៅ​បិទ​ហាង​ដោយ​អនុវត្ត​វិធានការ​នោះដែរ គឺ​យើង​ព្យាយាម​បន្ត​ពន្យល់ និង​ទុកពេល​រហូត ដល់​៣​ខែ ដើម្បីអោយ​ពួកគាត់​ផ្លាស់ប្តូរ​មុខរបរ​។​

​លោក​បន្ថែមថា កាលពី​ថ្ងៃទី​២១ ខែកុម្ភ​: ឆ្នាំ ២០២១​កន្លង​ទៅនោះ មន្ត្រី​មន្ទីរ​កសិកម្ម សហការ ជាមួយ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក ឃាត់​ចាប់​សត្វ​សុនខ (​ឆ្កែ​) ចំនួន ៦១​ក្បាល ដឹក​តាម​រថយន្ត​ម៉ាក​សាំ​យ៉ុង ចេញពី​ខេត្តបន្ទាយមានជ័យ​ឆ្ពោះទៅ​ខេត្តកំពង់ចាម ។ សត្វ​សុនខ​ទាំង ៦១​ក្បាល​នេះ មន្ត្រី​ជំនាញ​បសុពេទ្យ​បាន​យកមក​រក្សាទុក​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​លក្ខណ​:​បច្ចេកទេស ដោយ​សហការ​ជាមួយ​អង្គការ (Four Paws) នៅ​ស្ថានីយ​ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិក​ម្ម​សត្វ​ផងដែរ​។

​ដើម្បី​ប​ញ្ឍ​ប់​ការធ្វើ​អាជីវកម្ម​សត្វ​សុនខ លោក​ព្រំ វិច ក៍បាន​សំណូមពរ​អ្នក​ចូលចិត្ត​សាច់​នេះ មេត្តា​ឈប់​នាំគ្នា​ហូប ទើប​គ្មាន​អ្នកលក់​។ ត្បិត​មិនទាន់មាន ច្បាប់​ដាក់ទោស​ជាក់លាក់​នោះឡើយ​៕​

Loading...