ចុះបិទទីតាំងចំណតរថយន្តក្រុង ក្រុមហ៊ុន GTF ក្រោយពីបានដឹកអ្នកវិជ្ជមានកូវីដ១៩

ព្រះវិហារ៖ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នេះ មន្ត្រីមន្ទីរសុខាភិបាល ខេត្តព្រះវិហារ សហការជាមួយ រដ្ឋបាលក្រុងព្រះវិហារ បានចុះបិទទីតាំង ចំណតរថយន្តក្រុង របស់ក្រុមហ៊ុន GTF ស្ថិតក្នុងក្រុងព្រះវិហារ ដែលបានដឹកអ្នកវិជ្ជមានកូវីដ១៩ ឈ្មោះ កែវ ឧស្សាហ៍ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ កន្លងមក។

ជាមួយគ្នានេះ មន្ត្រីសុខាភិបាល​ក៏បានបាញ់ថ្នាំ សម្លាប់មេរោគកូវីដ ១៩ នៅចំណតរថយន្តក្រុង ក្រុមហ៊ុន GTF នឹងបានបន្តទៅបាញ់ ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅផ្ទះឈ្មោះ កែវ ឧស្សាហ៍ ដែលមានផ្ទុកមេរោគកូវីដ១៩ នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ទៀតផង។

លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ បានអំពាវនាវសុំឱ្យពលរដ្ឋ នៅខេត្តព្រះវិហារ បន្តអនុវត្តន៍ឱ្យបានទៀងទាត់ តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងវិធានការណែនាំ នៃរាជរដ្ឋាភិបាល ” ៣កុំ និង ៣ការពារ “ ក៏ដូចជាការណែនាំរបស់ អាជ្ញាធរខេត្តព្រះវិហារ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍យើង ពីការឆ្លងពីជំងឺកូវីដ១៩នេះ៕

Loading...