ចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៨០០ លានយ៉េន

ភ្នំពេញ៖ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ០៩:០០ ព្រឹក នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា(HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៨០០ លានយ៉េន (ប្រមាណ ៧ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ហិបឆ្នោត ព្រមទាំងសម្ភារៈចាំ បាច់ដទៃទៀត ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) សម្រាប់ការបោះឆ្នោត សកល ដែលនឹងប្រព្រឹត្តទៅនៅ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ ។

ជំនួយជាបន្តបន្ទាប់របស់ប្រទេសជប៉ុនដល់កម្ពុជា និយាយជារួម និងដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និយាយដោយឡែក បង្ហាញពីការតាំងចិត្តរបស់ជប៉ុន ក្នុងការជួយព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចឲ្យបាននូវការរីកចំរើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចិរភាព ៕

 

Loading...