ចូលទៅក្នុងខារ៉ាអូខេ​ BK បំណងទៅច្រៀងលេងស្រាប់តែទាស់សម្ដីជាមួយនិងនារីខារ៉ាអូខេរឿងចូលក្នុងបន្ទប់ទឹក

ភ្នំពេញ ៖ បុរសម្នាក់បាននាំស្រីស្នេហ៍ម្នាក់ រួមនឹងមិត្តភក្តិស្រីម្នាក់ទៀត ចូលទៅផឹកស៊ីច្រៀងលេងក្នុងហាងខារ៉ាអូខេមួយកន្លែង លុះនារីជាស្រីស្នេហ៍ចូលបន្ទប់ទឹក ស្រាប់តែមាននារីខារ៉ាអូខេម្នាក់ ដឹងថាក្នុងបន្ទប់ទឹកមានមនុស្សហើយ ក៏នៅតែគោះទ្វារទៀត ទើបធ្វើឱ្យកើតជា ជំលោះតឹងសរសៃកដាក់គ្នា លុះពេលច្រៀងចប់ចេញមកវិញ ក៏ត្រូវនារីខារ៉ាអូខេរូបនោះ ហៅបក្ខពួកមកស្ទាក់បង្ករឿង វាយបុរសជាប្រុសស្នេហ៍ បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួន។

ករណីស្រីស្នេហ៍ផ្ទុះជំលោះជាមួយស្រីខារ៉ាអូខេ បែរជារករឿងវ៉ៃប្រុសស្នេហ៍រយះក្បាលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធាត្រ ឈានចូលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចហាងខារ៉ាអូខេ យីហោ BK ស្ថិតនៅតាមបណ្តោយ ផ្លូវរ៉ារថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមសម្តីភាគីបុរសរងគ្រោះ ដែលរងរបួសរយះក្បាល បានរៀបរាប់ប្រាប់ដោយសុំមិនបញ្ចេញឈ្មោះថា នៅមុនពេលកើតហេតុ គាត់បាននាំសង្សារ និងមិត្តភក្តិស្រីម្នាក់ទៀត ចូលទៅផឹកស៊ីនៅក្នុងហាងខារ៉ាអូខេខាងលើ លុះមួយសន្ទុះក្រោយមក ខាងស្រីស្នេហ៍របស់គាត់ បានចូលបន្ទប់ទឹក ស្រាបតែមាននារីខារ៉ាអូខេម្នាក់ មិនស្គាល់ឈ្មោះ ដឹងថាក្នុងបន្ទប់ទឹកនេះ មានមនុស្សដែរ នៅតែគោះទ្វារទៀត ជាហេតុធ្វើឱ្យស្រីស្នេហ៍របស់គាត់ដែលកំពុងនៅក្នុងបន្ទប់ទឹកនោះខឹង ក៏បើកទ្វារចេញមកសួរនាំ ស្តីបន្ទោសដល់នារីខារ៉ាអូខេរូបនោះ ទើបធ្វើឱ្យកើតជាជំលោះ ជេរស្តីប្រមាថគ្នាទៅវិញទៅមក។ ឃើញបែបនេះ គាត់ក៏បានចូលទៅឃាត់ ព្រោះមិនចង់ឱ្យមានរឿងវែងឆ្ងាយ គ្រាន់តែរឿងចូលបន្ទប់ទឹកសោះ លុះពេលគាត់សម្របសម្រួលឱ្យរួចហើយ ក៏ចូលមកផឹកស៊ីបន្តរហូតដល់ចប់។

ប្រភពដដែលបន្តថា លុះដល់វេលាម៉ោងកើតហេតុខាងលើ ក្រោយពីគិតលុយថ្លៃខារ៉ាអូខេរួចរាល់ ពួកគាត់ទាំង៣នាក់ បាននាំគ្នាឡើងជិះរថយន្ត បម្រុងបើកចេញទៅផ្ទះវិញ ស្រាប់តែប្រទះឃើញខាងបុគ្គលិកខារ៉ាអូខេម្នាក់ គាត់បានឈរចាំនៅនឹងកែងផ្លូវ ដោយក្នុងដៃមានកាន់ដុំឥដ្ឋ ចាំគប់រថយន្តគាត់ផង ទើបគាត់បានឈប់រថយន្ត ហើយចុះទៅសួរថាមានរឿងអី បានជាកាន់ដុំថ្មចឹង? ស្រាប់តែបុគ្គលិកនោះបានស្ទុះមកវាយគាត់ ទាំងកំរោល ព្រមទាំងមានសន្តិសុខខារ៉ាអូខេប៉ុន្មាននាក់ទៀត បានព្រួតវាយគាត់ បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួនតែម្តង រហូតកើតមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ស្រះចក ចុះមកអន្តរាគមន៍នៅនឹងកន្លែងកើតហេតុតែម្តង៕

 

Loading...