ចូលរួមភិរក្សសត្វព្រៃ ក្នុងរមណីដ្ឋាន ចិញ្ចឹមសត្វជ្រូកព្រៃទុកឲ្យភ្ញៀវទេសចរទស្សនា

(ខេត្តប៉ៃលិន) ៖ ដើម្បីចូលរួមភិរក្សសត្វព្រៃ ម្ចាស់រមណីដ្ឋាន ម៉េម៉ូរីយ៉ាផាឡែស យកសត្វជ្រូព្រៃមកចិញ្ចឹម សម្រាប់ទុកឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិទស្សនានិងបានស្គាល់ប្រភេទសត្វជ្រូកព្រៃ ដែលជាសត្វកម្រជិតផុតពូជន៍ហើយដែរ ។

លោក ឡុង ពុទ្ធិជាតិ ម្ចាស់រមណីយដ្ឋាន ម៉េម៉ូរីយ៉ាផាឡែសបានឲ្យដឹងថា កាលពីជាង៣ឆ្នាំមុន លោកបានទៅសុំកូនជ្រូកព្រៃ១គូ (មេ១ឈ្មោល១) ពីមិត្តម្នាក់រស់នៅស្រុកកំរៀងខេត្តបាត់ដំបង យកទៅចិញ្ចឹមនៅក្នុងបរិវេណរមណីយដ្ឋានរបស់ខ្លួន ។ លុះក្រោយពីជ្រូកព្រៃទាំងនោះធំ ក៏បង្កើតបានកូនជាបន្តបន្ទាប់ បច្ចុប្បន្នគិតទាំងតូចនិងធំមានជាង១០ក្បាល ដែលរក្សាទុកសម្រាប់ឲ្យតែភ្ញៀវចូលទៅទស្សនាមិនលក់ដូរនោះទេ ។

លោកបញ្ជាក់ថា ការចិញ្ចឹមសត្វជ្រូកព្រៃមានភាពងាយស្រួល ព្រោះសត្វនេះមិនរើសចំណីទេ បាយក៏វាស៊ី ផ្លែឈើក៏ស៊ីស្មៅក៏ស៊ីដែរ ដូចសត្វគោដែរ ដើមចេក ផ្លែពោត ដំឡូងមី និងរុក្ខជាតិផ្សេងៗជាច្រើនទៀត សត្វជ្រូកព្រៃស៊ីជាអាហារ ទាងអស់ពោលមិនរើសនោះទេ ។ សត្វនេះងាយស្រួលចិញ្ចឹមបំផុត អត់ដែលមានជម្ងឺមកបៀតបៀនទេ តាំងពីលោកយកចិញ្ចឹមដល់ឥឡូវ គឺពួកវាកើតកូនដោយខ្លួនឯង អត់ធ្លាប់ចាក់ថ្នាំព្យាបាលជម្ងឺ ក៏មិនធ្លាប់ឃើញជ្រូកណាមួយកើតជម្ងឺងាប់នោះដែរ ។

ម្ចាស់រមណីយដ្ឋានរូបនេះបន្តថា ចំពោះមេជ្រូកព្រៃដែលដាក់ឈ្មោលរួច រហូតដល់រយ:ពេល៨ខែ ទើបអាចកើតកូន ជ្រូកព្រៃបានចន្លោះពី៨ក្បាលដល់ជាង១០ក្បាលឡើងនិងអាចលើសពីនេះក៏មានដែរ ប៉ុន្តែភាគច្រើនជ្រូកព្រៃមានកូន តែក្នុងរដូវវស្សាប៉ុណ្ណោះ។ គឺគ្មានសត្វមូស ឬ ពស់ ក្អែប ខ្ទួយហ៊ានមកក្បែរសត្វជ្រូកទាំងនោះទេ ប្រហែលជាវាមានក្លិនពិសេសម្យ៉ាង ដែលធ្វើឱ្យសត្វល្អិតមិនហ៊ានចូលទៅក្បែរពួកវា ។ លោកថារហូតមកដល់ពេលនេះ ជ្រូកព្រៃឈ្មោលបាន ដុះចែទាំងគូ ហើយមានទម្ងន់ជាង១០០គីឡូក្រាមឯណោះ។
សូមជម្រាប់ថា រមណីយដ្ឋាន «ម៉េម៉ូរីយ៉ាផាឡែស» ស្ថិតក្នុងភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយម្ចាស់មរណីយដ្ឋាននេះ យកសត្វជ្រូកព្រៃមកចិញ្ចឹម ផ្តើមចេញពីកូនឈ្មោល១ក្បាលនិងជ្រូកញី១ក្បាល បច្ចបុប្ន្នរមណីយដ្ឋាននេះ មានជ្រូកព្រៃជាង១០ក្បាល ទុកឱ្យភ្ញៀវទេសចរទស្សនា បានស្គាល់ពីសត្វជ្រូកព្រៃ ហើយលោកក៏មានគម្រោងចិញ្ចឹមសត្វជ្រូកព្រៃនេះបន្ថែម និង សត្វព្រៃមួយចំនួនទៀត ។ រមណីយដ្ឋានក៏មានបម្រើសេវា ជាម្ហូបអាហារ ផ្ទះសំណាក់ សាលប្រជុំធំ និងអាចស្នាក់នៅជារបៀបបោះតង់ក៏បានដែរ ។ ជាពិសេស មានបន្ទប់ទឹកសាធារណ: ដោយភ្ញៀវអាចដើរហាត់ប្រាណ យូហ្កា នៅជុំវិញក្នុងបរិវេណរមណីយដ្ឋាន ក៏មានអាងហែលទឹក សម្រាប់ភ្ញៀវដែលស្នាក់នៅ ហែលលេង អត់គិតថ្លៃនោះ ទេ តែភ្ញៀវមកពីខាងក្រៅ គិតថ្លៃត្រឹមម្នាក់១២០០០រៀល៕

Loading...