ចេញពីក្លិប ដកកាំភ្លើងបាញ់ជាង១០គ្រាប់ដើម្បីបង្អួតស្រីស្នេហ៍

ភ្នំពេញ៖ កូនអ្នកមានអំណាច នៃក្រសួងមហាផ្ទៃមួយរូប ជិះរថយន្ត៥៧០បានបាញ់បែបអនាធិបតេយ្យចំនួនជាង ១០គ្រាប់ ដើម្បីបង្អួតស្រីស្នេហ៍ដែលរួមដំណើរជាមួយនោះ បណ្តាលឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវលេខ២៤០ភ្ញាក់ច្រញ៉ាងពីដំណេក និងអ្នកនៅជិតនោះលួសព្រលឹងចុងសក់គ្រប់ៗគ្នាដោយសារតែឮសម្លេងផ្ទុះអាវុធផ្ទួនៗគ្នានោះ ដោយការផ្ទុះអាវុធលើកនេះ គឺជាលើកទី២ហើយ នៅក្នុងទឹកដីខណ្ឌដូនពេញ ដែលលើកទីមួយ កើតឡើងកាលពីថ្ងៃទី០៤ ខែកក្កដាថ្មីៗនេះ។

ហេតុការណ៍ផ្ទុះអាវុធបែបអនាធិបតេយ្យនោះបានកើតឡើងកាលពីវេលាម៉ោង២ និង៤០នាទីយប់រំលងអាធាត្រឈានចូលថ្ងៃទី០៦ខែកក្តដាឆ្នាំ២០១៦នៅចំណុចផ្លូវលេខ២៤០ក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋជិតខាងកន្លែងកើតហេតុនោះបានឲ្យដឹងថា កាលពីវេលាម៉ោង ជិត ៣អាធ្រាត ពេលពួកគាត់កំពុងតែដេកលង់លក់ ក៏ស្រាប់តែឮសម្លេងផ្ទុះអាវុធប្រមាណជាង១០គ្រាប់ផ្ទួនៗគ្នាធ្វើឲ្យពួកគាត់ភ្ញាក់ព្រលឹងចុងសក់នឹកស្មានថាជាករណីចោរប្លន់ប្រដាប់ តែក្រោយមកទើបដឹងថា គឺកូនអ្នកមានអំណាចមានរថយន្តសេរីទំនើប៥៧០បានបាញ់បោះសេរីបែបអានាធិបតេយ្យគ្មានខ្លាចញញើតសមត្ថកិច្ចសោះ។ ការបាញ់បោះសេរីពីសំណក់កូនអ្នកមានអំណាចបែបនេះ គ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនគេឡើយ។

ប្រភពព័ត៌មានបានបន្តទៀតថា អ្នកដែលបានបាញ់បោះសេរីនោះ ត្រូវបានគេស្គាល់ថា ឈ្មោះពៅ ជាកូនជាកូនរបស់មន្ត្រីធំម្នាក់ ដោយពេលចេញពីក្លិបរាត្រីមួយកន្លែងនៅចំណុចផ្លូវលេខ៥៥យីហោក្លិប(៥៥)ក្នុងសង្កាត់ចតុមុខណ្ឌខណ្ឌដូនពេញ មិនដឹងជាមានបញ្ហាជាមួយអ្នកណានោះទេ ស្រាប់តែចេញពីក្លិបនោះមានទាំងស្រីស្នេហ៍អង្គុយក្បែរផងនោះបានឡើងរថយន្តម៉ាកឡិចស៊ីស៥៧០ ពណ៌ខ្មៅបានដកកាំភ្លើងខ្លីសេរីទំនើប ដែលប្រហែលជាបាញ់គំរាមគូទំនាស់ និងបង្អួតស្រីស្នេហ៍ផងនោះ ដោយបាញ់ប្រមាណជាង១០គ្រាប់ធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកជិតខាងតែម្តង។

ជាងនោះទៅទៀត កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញដែលតាមប្រមាញ់ក្នុងរឿងបាញ់បោះសេរីនោះម្នាក់ បានរាថយវិញបន្ទាប់ពីដឹងយ៉ាងច្បាស់ថា អ្នកបាញ់បោះនោះជាកូនរបស់មន្ត្រីធំម្នាក់ ក្រសួងមហាផ្ទៃ ទើបម្នាក់ៗព្យាយាមលាក់បាំងរឿងហេតុមិនមានអ្នកណាហ៊ានហើបមាត់ឡើយ។

ប្រជាពលរដ្ឋដេលរស់នៅជិតក្លិបរាត្រីយីហោ(៥៥)នៅផ្លូវលេខ៥៥ក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញនោះដែរបានរអ៊ូរទាំថា ក្លិបរាត្រីមួយនោះកំពុងតែបង្កការរំខានដល់ការរស់នៅរបស់ពួកគាត់ជាខ្លាំងដូចជាការបើកសម្លេងតន្ត្រីខ្លាំងៗលឺញ័ររន្ធត់បេះដូង និងជាពិសេសទៀតនោះក្រុមកូនអ្នកមានទ្រព្យស្តុកស្តម្ភ ឬកូនអ្នកមានអំណាចដែលជិះរថយន្តទំនើបៗមកពពាក់ពពូនចូលផឹកស៊ីលុះពេលស្រវឹងតែងតែបង្កទំនាស់ដូចជាការដេញវ៉ៃគ្នាប្រសេចប្រសាចឬក៏បាញ់បោះផ្ទុះអាវុធជាដើម ហើយមិនដែលឃើញអាជ្ញាធរមូលដ្ឋានហ៊ានក្អកឬក៏ហ៊ានមកក្បែរឡើយមិនដឹងក្លិបនោះអាងអំណាចខាងណាមកកាងនោះទេ។

គួរបញ្ជាក់ផងដែរថានៅក្នុងមូលដ្ឋានខណ្ឌដូនពេញនេះមានករណីផ្ទុះអាវុធចំនួន០២លើកមកហើយដែលលើកទី១នោះកាលពីរាត្រីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០១៦នៅចំណុចផ្ទះលេខ២៣កន្លែងលក់កាហ្វេកោសជប់ដែលបង្កប់សេវ៉ាវ៉ៃសិចនៅផ្លូវលេខ៨០កែងផ្លូវព្រស៊ីសុវត្ថិស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញដែលបង្កដោយមន្ត្រីនគរបាលម្នាក់ក្នុងចំណោមគ្នា២នាក់ដែលជិះម៉ូតូម៉ាកណៃហក បានមកទារលុយពីកន្លែងកាហ្វេបង្កប់សេវ៉ាវ៉ៃសិចនោះខឹងគេមិនឲ្យលុយក៏ដកកាំភ្លើងបាញ់ឡើងលើដោយកាំភ្លើងAKចំនួន១គ្រាប់ធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកជិតខាងហើយនោះបានបើកគេចបាត់ដោយសុវត្ថិភាពគ្មានរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ។ ចំណែកករណីផ្ទុះអាវុធលើកទី២នេះគឺជាកាបាញ់បោះសេរីដោយកូនអ្នកមានលុយនិងអំណាចនៅក្រសួងមហាផ្ទៃបានបាញ់បោះនៅក្នុងមូលដ្ឋានសង្កាត់ចតុមុខខណ្ឌដូនពេញហើយគេចបាត់តែម្តង។

ពាក់ព័ន្ធនិងបាញ់បោះសេរីលើកទី២នេះដែរបើទោះបីកម្លាំងសមត្ថខណ្ឌដូនពេញបានដឹងពីអត្តសញ្ញាណច្បាស់លាស់ពីអ្នកបង្កនោះគេចាំមើលថាតើសមត្ថកិច្ចហ៊ានចាប់ឃាត់ជននោះមកប្រឈមមុននិងផ្លូវច្បាប់ដែរឬអត់ឬក៏ហ៊ានតែរាយការណ៍ត្រឹមករណីកំប៉ិចកំប៉ុកតែប៉ុណ្ណោះហើយពេលកូនអ្នកមានអំណាចបាញ់បោះនោះនាំគ្នាលាក់បាំងរឿងហេតុទៅវិញនោះ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *