ចេញពីស៊ីការ ស្រវឹងស្រាជោកជាំ ជិះម៉ូតូបុករថយន្ត ស្លាប់២នាក់

ខេត្តរតនគិរីៈ បុរស២នាក់ជិះម៉ូតូ១គ្រឿងចេញពីរោងការទាំងសភាពស្រវឹងជោកជាំរេចង្កូតទៅបុករថយន្តកំពុងធ្វើចរាចរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យស្លាប់ភ្លាមៗមួយរំពេច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៧៨ នៅចំណុចមុខផ្ទះ លោកធីន ស្ថិតក្នុងភូមិសោមត្រកថ្មី ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្ត រតនគិរី។

មន្ត្រីនគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ សល់ ថ្វាត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិច្រាយ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី (ជាអ្នកបើកបរ) និងទី២-ឈ្មោះ សល់ ឃុយ ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិច្រាយ មុខរបរកសិករ ស្នាក់នៅជាមួយគ្នា ជាអ្នករួមដំណើរ(ស្លាប់)។ ជនរងគ្រោះទាំង២នាក់នេះ ធ្វើដំណើរតាមម៉ូតូ១គ្រឿង ម៉ាកហុងដាទ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1C-1926។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅវាស់វែង និងប្រគល់សាកសពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូ សមត្ថកិច្ចយកមករក្សាទុកបណ្តោះអាសន្ន៕ ជាយដែន

 

Loading...