ចោរប្លន់វ័យក្មេងចិត្តឆៅ ត្រូវអស់លក្ខណ៍

ភ្នំពេញៈ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម និងប្រើអាវុធបាញ់ប្លន់យកម៉ូតូ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីផ្តន្ទាទោសតាមច្បាប់។

គួររំលឹកដែរថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណីប៉ុនប៉ងឃាតកម្មមួយកើតឡើងនៅម្តុំសាលាអាលីយ៉ង់ ស្ថិតក្នុងខណ្ឌដូនពេញ បង្កឡើងដោយជនសង្ស័យពីរនាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ បានដកកាំភ្លើងបាញចំនួន០២គ្រាប់ ទៅលើជនរងគ្រោះចំនួន០៥នាក់ បណ្តាលឲ្យរបួសម្នាក់ចំគូថចំហៀងខាងស្តាំបៀមគ្រាប់ បន្ទាប់មកជនសង្ស័យបានគេចខ្លួនបាត់ រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះជាពីរបួស ទើបមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចកងរាជអាវុធហត្ថ លុះដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថខណ្ឌចំការមន សហការជាមួយកម្លាំងជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ នៅម្តុំសួនច្បារវិមានឯករាជមុខវត្តលង្កា។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាចម្លើយសារភាពរបស់ជនល្មើសបានឲ្យដឹងថា ពួកគេទាំងពីរនាក់មានឈ្មោះ នូ ឧត្តម ហៅចូក អាយុ១៧ឆ្នាំ និងឈ្មោះ ម៉ែន វីរៈ ហៅ ពេជ្រ អាយុ២៤ឆ្នាំ គឺជាបក្ខពួកនឹងគ្នា ហើយរយៈកាលកន្លងមកពួកគេទាំងពីរនាក់ធ្លាប់ធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូ និងឆក់សម្ភារៈ តាមដងផ្លូវចំនួន០៤លើករួចមកហើយ ដោយប្រើប្រាស់មធ្យាបាយម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌មាស ស្លាកលេខ ភ្នំពេញ 1GI-1470 និងអាវុធខ្លី០១ដើម ម៉ាកកា៥៩។ ពេលធ្វើកម្មភាពម្តងៗ ឈ្មោះ ម៉ែន វីរៈ ហៅ ពេជ្រ ជាអ្នកឌុប ហើយឈ្មោះ នូ ឧត្តម ហៅ ចូក ជាអ្នកកាន់អាវុធ អង្គុយពីក្រោយចាំបាញ់ប្លន់ យកម៉ូតូពីជនរងគ្រោះ។
សកម្មភាពលើកទី១ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្លន់នៅម្តុំសាលា អាលីយ៉ង់ ដោយបាញ់ចំនួន០២គ្រាប់ ត្រូវគូទជនរងគ្រោះ០១គ្រាប់ និង០១គ្រាប់ទៀតមិនផ្ទុះ យកបានម៉ូតូ០១គ្រឿង ម៉ាក សង់ប៊ិច។

សកម្មភាពលើកទី២ (មិនចាំថ្ងៃខែ) ប្លន់នៅចំណុចម្តុំផ្លូវភ្លោះរអូរឫស្សី ដោយបាញ់គម្រាមភ្ចុចដី០១គ្រាប់ យកបានម៉ូតូ០១គ្រឿង ម៉ាកឃ្លីកពណ៌ស ពីជនរងគ្រោះម្នាក់ជាស្រ្តី ។

សកម្មភាពលើកទី៣ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ប្លន់យកម៉ូតូ០១គ្រឿងពីស្ត្រីម្នាក់ នៅចំណុចម្ដុំក្ដាន់២ (តែមិនបានសម្រេច) ដោយសារមានប្រជាពលរដ្ឋច្រើន ។

សកម្មភាពលើកទី៤ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៧នេះដែរ ឆក់បានទូរស័ព្ទបាន០១គ្រឿងពីជនរងគ្រោះម្នាក់ជាស្ត្រី នៅម្តុំផ្សារអូរឬស្សី។

ដោយសង្កេតឃើញថា ករណីខ្លះជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹង ធ្វើឲ្យសមត្ថកិច្ចខ្វះព័ត៌មានជាក់លាក់ដើម្បីបំបែករឿងក្តី ដូចនេះអាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ សូមចូលរួមសហការផ្តល់ព័ត៌មានពាក់ព័ន្ធបទល្មើសគ្រប់ប្រភេទដល់សមត្ថកិច្ច ដើម្បីជាប្រយោជន៍ឈានដល់ការកំណត់មុខសញ្ញានិងបង្ក្រាបជនល្មើសទាំងនោះ ៕
ប្រភពៈ #PhnomPenhGRK

Loading...