ចោរស្ទើរភ្លើង! ប្លនម៉ូតូគេបានហើយ បែរជាទុកម៉ូតូខ្លួនឯងនៅកន្លែងកើតហេតុ

ខេត្តបន្ទាយមានជ័យ៖​ ក្មេងស្រីម្នាក់ ត្រូវជនសង្ស័យ ធ្វើសកម្មភាពប្លន់ កាលពីវេលា ម៉ោង១២ និង៤០នាទីថ្ងៃទី២១ ខែ មករា ឆ្នាំ២០១៨ នៅចំនុច ខាងជើងភោជនីយ៍ដ្ឋាន នាគទិព្វ២ ប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

កម្លាំងនគរបាលមូលដ្ឋានបានឲ្យដឹងថា​ មុនពេលកើតហេតុជនសង្ស័យ បានជិះម៉ូតូ ១គ្រឿង ម៉ាកវ៉ែវ កញ្ចាស់ ពណ៌ខ្មៅ តាមពី ក្រោយ ក្មេងស្រីរងគ្រោះឈ្មោះសុ​ ថារី ភេទស្រី អាយុ ១៣ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្នុងគោលដៅពីជើងទៅ ត្បូងលុះដល់ចំនុចកើតហេតុ ជនសង្ស័យ បានបើកម៉ូតូវ៉ាទៅមុខប្រហែល១០ម៉ែត្រ ហើយត្រឡប់ក្រោយ វិញក៏ធាក់ម៉ូតូជនរងគ្រោះ បណ្តាល ឱ្យដួលរងរបួសស្រាល ខណៈនោះ លោកចោរ ក៏បានយកម៉ូតូជនរងគ្រោះម៉ាកZOOMER-Xពណ៌ទឹកក្រូចលាយខ្មៅ សេរី២០១៥ ជិះទៅទិសខាងត្បូងគេចខ្លួនបាត់ ដោយបន្សល់នៅម៉ូតូចោរទុកនៅចំណុចកើតហេតុ។

លោកវរៈសេនីយ៍ឯក ធិន ស៊ិនដេតអធិការក្រុងប៉ោយប៉ែត​បានថ្លែងឱ្យដឹងថា ក្រោយពេលកើតហេតុ កម្លាំងនគរបាល នៃអធិការក្រុងប៉ោយប៉ែត បានចុះទៅអន្តរាគមន៍ ភ្លាមៗព្រមទាំងពង្រាយកម្លាំង តាមស្រាវជ្រាវសព្វទីកន្លែងអស់ ក្នុងក្រុងប៉ោយប៉ែត ។ក្នុងនោះផងដែរ ជនរងគ្រោះក៏បានជួយសង្គ្រោះ ទៅមន្ទីពេទ្យ ចំណែក វត្ថុតាង ម៉ូតូ លោកចោរ ក៏បានយកមករក្សាទុក នៅអធិការរដ្ឋានជាបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវ រកមុខសញ្ញា។
លោកអធិការបន្តទៀតថា ដោយការខិតខំទាំងកម្លាំងកាយចិត្ត រួមទាំងរូបលោកផ្ទាល់ និងកងកម្លាំងទាំងអស់ បានចេញប្រតិបត្តិការ មិនហ៊ានសម្រាក រហូតដល់ ម៉ោង២០៖២៣ នាទី ថ្ងៃខែឆ្នាំដដែល ទើបជួបមុខសញ្ញាចោរនៅចំណុចបរិវេណការសុីហ្គោឌិន កន្លែងផ្ញើម៉ូតូស្តិតក្នុងភូមិក្បាលស្ពាន១​ សង្កាត់-ក្រុងប៉ោយប៉ែត ក៏បានឃាត់ខ្លួន នាំយកមក អធិការរដ្ឋានដើម្បីសួរនាំ។

បន្ទាប់ពីជំនាញបាន ធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធាក់យកម៉ូតូពីជនរងគ្រោះ បំណងប្លន់ពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវកម្លាំងជំនាញ កសាង សំណុំរឿងបញ្ជូនទៅស្នងការដ្ឋានខេត្តបន្ទាយមាន​ជ័យ​ពីបទ (លួចមានស្ថានទម្ងន់ទោស) ដើម្បីចាត់ការតាមនិតិវិធី។

ដោយឡែក ម៉ូតូជនរងគ្រោះ ត្រូវលោកធិន ស៊ិនដេត អញ្ចើញអោយមកទទួល នៅអធិការក្រុងប៉ោយប៉ែតផងដែរ។
ជាមួយនោះផងដែរ ប្រជាពលរដ្ឋទាំងអស់ទូទាំងក្រុងប៉ោយប៉ែត បានកោតសរសើរ ចំពោះស្នាដៃរបស់កម្លាំងនគរបាល ប៉ោយប៉ែតយ៉ាងខ្លាំងពិសេស ជំនាន់លោក ធិន ស៊ិនដេតនេះតែម្តង ថាបានយកចិត្តទុកដាក់ រក្សាការពារ សុវត្ថិភាព មានសន្តិសុខល្អ ជូនដល់ប្រជាពលរដ្ឋល្អប្រសើរ៕

 
Loading...