ចោរ​សមុទ្រ​ស៊ូ​ម៉ា​លី​ដោះ​លែង​ចំណាប់ខ្មាំង​ជនជាតិ​ថៃ​៤​នាក់​ដែល​ចាប់ខ្លួន​តាំងពី​៥​ឆ្នាំ​មុន​

​មន្ត្រី​នៅ​ក្នុង​តំបន់​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ថា​ អ្នកនេសាទ​ថៃ​ដែល​ត្រូវ​ចាប់​ធ្វើ​ចំណាប់ខ្មាំង​ដោយ​ក្រុម​ចោរ​សមុទ្រ​ស៊ូ​ម៉ា​លី​ក្នុង​រយៈពេល​ជិត​៥​ឆ្នាំ​កន្លង​មក​នោះ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​។​

​អ្នកនាំពាក្យ​របស់​ស៊ូ​ម៉ា​លី​ប្រចាំ​ក្នុង​តំបន់​ លោក​ Omar​ Sheikh​ Ali​ បាន​បញ្ជាក់​ថា​ «​យើង​បាន​ប្រទះ​ឃើញ​បុរស​ជនជាតិ​ថៃ​៤​នាក់​ស្ថិត​នៅ​តំបន់​ដាច់​ស្រា​យា​ល់​មួយ​»​។​ ប្រភព​បន្ត​ថា​ ជន​ទាំង​ នេះ​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​កាន់​ស្រុក​កំណើត​នៅ​ឯ​ប្រទេស​ថៃ​ ។​ ពួក​គេ​បាន​ទូរស័ព្ទ​ជួបជុំ​គ្រួសារ​ ពួក​គេ​ខ្សឹកខ្សួល​ យំសោក​ជា​និច្ច​ បន្ទាប់​ពី​ត្រូវ​ដោះ​លែង​កាលពី​ថ្ងៃ​ពុធ​ ។​

​អ្នកស្រុក​នៅ​ក្នុង​តំបន់​ Galkayo​ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រព័ន្ធ​រដ្ឋបាល​ Galmudug​ បាន​បញ្ជាក់​ថា​ ប្រាក់​លោះ​ចំណាប់ខ្មាំង​គឺ​មាន​រហូត​ដល់​១៥០.០០០​ដុល្លារ​ ថ្នូរ​នឹង​ការ​ដោះ​លែង​នេះ​ ប៉ុន្តែ​ព័ត៌មាន​មិន​ត្រូវ​បាន​គេ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​នោះ​ទេ​។​

​លោក​ Mohamed​ Abdi​ អ្នកជំនួញ​ម្នាក់​នៅ​ក្នុង​តំបន់​ Galkayo​ និង​ជា​អ្នក​ជិត​ស្និទ្ធ​នៅ​ក្នុង​កិច្ចចរចា​ឲ្យ​ដោះ​លែង​ចំណាប់ខ្មាំង​បញ្ជាក់​ថា​ ក្រុម​ចោរ​សមុទ្រ​បាន​ថែទាំ​ និង​ផ្តល់​ចំណីអាហារ​គ្រប់គ្រាន់​ដល់​ចំណាប់ខ្មាំង​ទាំងនេះ​,​ ពួក​គេ​(​ចំណាប់ខ្មាំង​)​បាន​ខ្ចី​លុយ​ក្នុង​ចំនួន​ច្រើន​សន្ធឹកសន្ធាប់​»​។​

​នាវា​របស់​ក្រុម​នេសាទ​ជនជាតិ​ថៃ​ឈ្មោះ​ FV​ Prantalay​ ត្រូវ​ពួក​ចោរ​សមុទ្រ​ស៊ូ​ម៉ា​លី​ប្លន់​នៅ​ឆ្នាំ​២០១១​ ក្នុង​នោះ​មាន​ក្រុម​នាវិក​២៤​នាក់​ ។​ ក្រុម​ចោរ​សមុទ្រ​បាន​ប្រើប្រាស់​នាវា​នេះ​សម្រាប់​វាយប្រហារ​ ពេល​សកម្មភាព​ប្លន់​ជា​បន្តបន្ទាប់​ នៅ​មុន​ពេល​ដែល​វា​ក្រឡាប់​លិច​នៅ​ពេល​មិនយូរ​ប៉ុន្មាន​ក្រោយមក​នោះ​។​

​ក្នុង​ចំណោម​នាវិក​ដែល​ត្រូវ​ចាប់​ចំណាប់ខ្មាំង​ មាន​៦​នាក់​បាន​បាត់បង់​ជីវិត​ដោយ​អាការ​ផ្សេងៗ​ ។​ ចំណាប់ខ្មាំង​ជនជាតិ​មី​យ៉ា​ន់​ម៉ា​១៤​នាក់​ត្រូវ​ដោះ​លែង​ឲ្យ​រដ្ឋាភិបាល​ស្ថិត​នៅ​ភាគ​ខាងជើង​តំបន់​ Puntland​ របស់​ស៊ូ​ម៉ា​លី​នៅ​ក្នុង​ខែឧសភា​ ឆ្នាំ​២០១១​ ហើយ​ត្រូវ​អង្គការសហប្រជាជាតិ​(UNODC)​ ជួយ​ជូន​ទៅ​ដល់​ស្រុក​កំណើត​។​

​ចំណែក​២៦​នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​នៅ​ជា​ចំណាប់ខ្មាំង​របស់​ក្រុម​ចោរ​សមុទ្រ​នៅឡើយ​។​

​សកម្មភាព​របស់​ក្រុម​ចោរ​សមុទ្រ​នៅ​ក្នុង​ឆ្នាំ​២០១១​គឺ​ខ្លាំងក្លា​ជាទី​បំផុត​ ជាក់ស្តែង​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ រហូត​ដល់​២៣៧​លើក​ ដោយ​ក្នុង​នោះ​ពួក​គេ​ប្លន់​បាន​នាវា​២៨​គ្រឿង​។​

​ប៉ុន្តែ​នៅ​ឆ្នាំ​កន្លង​មកនេះ​ សកម្មភាព​របស់​ក្រុម​នេះ​ហាក់​ថមថយ​ស្ងាត់​ទៅ​វិញ​ ដោយសារ​កម្លាំង​ចម្រុះ​ជាតិ​សាសន៍​ ជា​លក្ខណៈ​អន្តរជាតិ​ បាន​រួម​គ្នា​យាមល្បាត​ ក៏​ដូច​តាម​ថែរក្សា​ដល់​នាវា​ដែល​ឆ្លងកាត់​សមុទ្រ​ប្រទេស​ស៊ូ​ម៉ា​លី​៕​ យ៉ា​ត់​ សុមេធ​
thai-pirate-hostage

Loading...

Leave a Reply

Your email address will not be published. Required fields are marked *