ចៅហ្វាយស្រុកតាវែង បើករថយន្តបុកម៉ូតូ បណ្ដាលឲ្យឪពុកម្ដាយរបួសធ្ងន់ ខណៈ៣នាក់ផ្សេងទៀត របួសស្រាល

ខេត្តរតនគិរីៈ អភិបាលស្រុកតាវែង បានបើករថយន្ត វីហ្គោ មួយគ្រឿង ជែងក្នុងសភាពគ្រោះថ្នាក់ ទៅបុកម៉ូតូមួយគ្រឿង កំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យឪពុកម្ដាយរបស់ខ្លួនរបួសធ្ងន់ធ្ងរ និងមនុស្ស៣នាក់ផ្សេងទៀត រងរបួសស្រាល។ ភ្លាមៗ រថយន្តរបស់លោកអភិបាលស្រុក ក៏បានជ្រុលធ្លាក់ទៅផ្លូវម្ខាងទៀត បណ្ដាលឲ្យខូចខាតយ៉ាងដំណំផងដែរ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០នឹង៤០នាទីព្រឹក ថ្ងៃអាទិត្យ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចទល់មុខវត្តសង្គមមានជ័យ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៣៣-៥៣៤ ស្ថិតនៅក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

អធិការរងទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណៈ លោក ពុធ សាវី បានឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈនេះថា រថយន្តរបស់លោកអភិបាលស្រុកតាវែង បើកបរក្នុងទិសដៅពីកើតមកលិច បានជែងម៉ូតូលក់ទឹកអំពៅ ដែលធ្វើដំណើរក្នុងទិសដៅស្របទិសគ្នា ក៏ជ្រុលចង្កូតទៅបុកម៉ូតូកំពុងធ្វើចរាចរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់។

លោក ពុធ សារី បន្តថា ភាគីរថយន្តម៉ាក វីហ្គោ ពណ៌ទឹកមាស ពាក់ស្លាកលេខ រតនគិរី ២A-០៧៧៧ បានជ្រុលធ្លាក់ផ្លូវម្ខាង រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ដែលបើកបបរដោយឈ្មោះ មួង ប៉ាង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិព្រៅ រស់នៅភូមិតាវែងលើ ឃុំតាវែង ស្រុកតាវែង ខេត្តរតនគិរី មុខរបរជាអភិបាលស្រុកតាវែង របួសស្រាល។ ចំណែកអ្នករួមដំណើរនៅក្នុងរថយន្ត បានរងរបួសធ្ងន់២នាក់ ១-ឈ្មោះ ស្រាយ រីត អាយុ៥៨ឆ្នាំ ត្រូវជាម្តាយ របួសធ្ងន់ ២-ឈ្មោះ យាប សាត អាយុ៥៧ឆ្នាំ ជនជាតិព្រៅ ត្រូវជាឪពុក របួសធ្ងន់។

ចំណែក ភាគីម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី ១C-៥៤២១ រងការខូចខាតយ៉ាងដំណំ បើកបរដោយឈ្មោះ គង់ ប៊ុនឡេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ រងរបួសស្រាល(ប្តី) និងអ្នករួមដំណើរ២នាក់ ទី១ឈ្មោះ កែវ ស្រីណូ អាយុ២០ឆ្នាំ (ត្រូវជាប្រពន្ធរបស់អ្នកបើកបរ) រងរបួសស្រាល ទី២ឈ្មោះ កែវ ហ៊ូ ភេទប្រុស អាយុ១៨ឆ្នាំ (ប្អូនថ្លៃ) រងរបួសស្រាល។ អ្នកទាំង៣ រស់នៅភូមិឃុំកើតហេតុខាងលើ បើកបរក្នុងទិសដៅពីលិចមកកើត។

ក្រោយកើតហេតុ នគរបាលមូលដ្ឋាន បានចុះមកអន្តរាគមន៍ធ្វើការវាស់វែង និងដឹកបញ្ជូនអ្នករបួសធ្ងន់ តាមរថយន្តសាមុយទៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះអាយុជីវិត។ ដោយឡែក មធ្យោបាយទាំង២គ្រឿង នគរបាលអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកូនមុំ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ ជាយដែន

Loading...