ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅឥណ្ឌាកើនដល់៩លាននាក់ ខណៈពលរដ្ឋម្នាក់មិនពាក់ម៉ាសត្រូវពិន័យ២៧ដុល្លារអាមេរិក

ក្រសួងសុខាភិបាលឥណ្ឌាបានឲ្យដឹងកាលពីព្រឹកថ្ងៃសុក្រ ទី២០ វិច្ឆិកានេះថា ប្រទេសឥណ្ឌាមានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩កើនដល់៩លានករណីដោយមានការឆ្លងថ្មីចំនួន៤៥.៨៨២នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

ប្រទេសឥណ្ឌាជាប្រទេសទី២ដែលមានពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ចំនួន៩លាននាក់បន្ទាប់ពីសហរដ្ឋអាមេរិក ប៉ុន្តែករណីខ្លះបានថយចុះនៅក្នុងប្រទេសបន្ទាប់ពីបានឡើងដល់ចំណុចកំពូលកាលពីខែកញ្ញា។ក្រសួងសុខាភិបាលឥណ្ឌាបាននិយាយថា ចំនួនអ្នកស្លាប់បានកើនបន្ថែម៥៨៤នាក់ ហើយដែលសរុបទាំងអស់មានចំនួន១៣២.១៦២នាក់។

មន្ត្រីរដ្ឋាភិបាលនិងអ្នកជំនាញបានព្រមានថា ប្រទេសនេះនៅតែអាចមើលឃើញការរីករាលដាលបន្តទៀតបន្ទាប់ពីពិធីបុណ្យសាសនា Deepavali ត្រូវបានប្រារព្ធនៅខែនេះ។

លោក Arvind Kejriwal នាយករដ្ឋមន្រ្តីនៃទីក្រុងញូវដេលីបានប្រាប់ក្នុងសន្និសីទកាសែតមួយថា ពេលខ្លះនៅពេលដែលពលរដ្ឋមិនគោរពតាមការណែនាំ យើងត្រូវតែមានភាពស្វាហាប់បន្តិចក្នុងការអនុវត្តពិធីសារសុខាភិបាល និងសេចក្តីណែនាំនោះ” ។

គួរបញ្ជាក់ថា នៅក្នុងដែនដីរដ្ឋធានីញូវដេលី ប្រទេសឥណ្ឌ មន្ត្រីបានពិន័យជាប្រាក់ចំនួន៤ដងចំពោះមនុស្សដែលមិនបានពាក់ម៉ាស់មុខដល់ទៅ២០០០រូពី (២៧ដុល្លារអាមេរិក)។ រហូតមកដល់ពេលនេះមានមនុស្សជិត៥០០.០០០ នាក់ត្រូវបានពិន័យចាប់តាំងពីខែមិថុនាដោយសារមិនពាក់ម៉ាស់, មនុស្ស៣៧០.០០០ត្រូវពិន័យដោយសារការមិនអើពើនឹងច្បាប់សង្គម និងមានមនុស្ស៣៥០០ត្រូវពិន័យពីការស្តោះទឹកមាត់តាមទីសាធារណៈក្នុងទីក្រុងញូវដេលី ៕

 

Loading...