ប្រេស៊ីល ៖ ក្រសួងសុខាភិបាលបានរាយការណ៍ថាចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសប្រេស៊ីលបានកើនឡើងលើស ៣៣០.០០០ នាក់ហើយកាលពីថ្ងៃសៅរ៍បន្ទាប់ពីចំនួនអ្នកស្លាប់ថ្មី ១.៩៨៧ នាក់ដែលបានធ្វើឱ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសបានកើនឡើងដល់ ៣៣០.១៩៣ នាក់។
ក្រៅពីនេះមានករណីឆ្លងថ្មីចំនួន ៤៣.៥១៥ ករណី ត្រូវបានចុះបញ្ជីដែលធ្វើឱ្យចំនួនអ្នកឆ្លងនៅទូទាំអប្រទេសបានកើនឡើងដល់ ១២.៩៥៣.៥៩៧ ។ ប្រទេសប្រេស៊ីលបច្ចុប្បន្នជាប្រទេសដែលរងគ្រោះខ្លាំងបំផុតដោយជំងឺកូវីដ១៩ ដោយឈរនៅលេខរៀងទី២លើពិភពលោកទាំងការស្លាប់និងឆ្លងបន្ទាប់ពីសហរដ្ឋអាមេរិក
រដ្ឋសៅប៉ូឡូជារដ្ឋដែលមានប្រជាជនច្រើនជាងគេនៅក្នុងប្រទេសប្រេស៊ីលក៏ទទួលរងការវាយប្រហារយ៉ាងខ្លាំងដោយវីរុសនេះផងដែរដោយមានចំនួន ២.៥២០.២០៤ ករណីនិងស្លាប់៧៦.៧៥០ នាក់បន្ទាប់មកគឺទីក្រុងរីយ៉ូដឺហ្សាណេរ៉ូមានចំនួន ៦៥៧.១៣៩ ករណីនិងមានអ្នកស្លាប់ចំនួន ៣៧.៦២៩ នាក់។
ប្រទេសប្រេស៊ីលបានជួបប្រទះនូវរលកចម្លងថ្មីនៃជំងឺកូវីដ១៩ចាប់តាំងពីខែមករាដែលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះបានធ្វើឲ្យប្រព័ន្ធថែទាំសុខភាពនៅក្នុងភាគច្រើននៃរដ្ឋទាំង ២៧ នៃប្រទេសស្ទើរតែដួលរលំ។
គិតត្រឹមថ្ងៃសុក្រប្រេស៊ីលបានចាក់វ៉ាក់សាំងដល់មនុស្សជាង២៤ លាននាក់ប្រឆាំងនឹងវិរុសកូវីដ១៩។ ក្នុងចំណោមមនុស្ស ១៨,៨ លាននាក់ឬស្មើនឹង៨,៩ ភាគរយនៃប្រជាជនបានទទួលវ៉ាក់សាំងដូសដំបូងនិងមនុស្ស៥,២ លាននាក់ឬស្មើនឹង ២,៤៩ ភាគរយបានទទួលវ៉ាក់សាំង២ដូសពេញលេញ៕