ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ទឹកជំនន់​និង​បាក់​ដី​នៅ​ជប៉ុន កើនឡើង​ដល់​២០០​នាក់​ហើយ

ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ទឹកជំនន់​និង​បាក់​ដី​នៅ​ជប៉ុន កើនឡើង​ដល់​២០០​នាក់​ហើយ គិត​ត្រឹម​ថ្ងៃទី​១៣ ខែកក្កដា​ ឆ្នាំ២០១៨ ​។

ស្របពេល​ចំនួន​មនុស្ស​ស្លាប់​អាច​នឹង​បន្ដ​កើនឡើង ក្រុម​ជួយសង្គ្រោះ​ក៏​កំពុង​ស្វែងរក​មនុស្ស​បាត់​ខ្លួន​ផងដែរ​។

ការវាយប្រហារ​ដោយ​ជំនន់​ទឹកភ្លៀង​និង​បង្ក​ជា​ការបា​ក់ដី​ផង​នោះ ជា​គ្រោះធម្មជាតិ​អាក្រក់​បំផុត​មិន​ធ្លាប់មាន​នៅ​ជប៉ុន ក្នុង​រយៈពេល​ជាង​៣​ទសវត្ស​កន្លងមក​។​

នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីន​ហ្ស៊ូ អាបេ បានធ្វើ​ទស្សនកិច្ច​ទៅកាន់​តំបន់​រងគ្រោះ​ធ្ងន់ធ្ងរ​កាលពី​ថ្ងៃ​ពុធ ហើយ​នៅ​ថ្ងៃ​សុក្រ​លោក​នឹង​បន្ដទៅ​ពិនិត្យមើល​តំបន់​រងគ្រោះ​ផ្សេងេទៀត​។

លោក​បាន​លុបចោល​ទស្សនកិច្ច​ទៅ​ក្រៅប្រទេស​ចំនួន​បួន ដោយសារតែ​ស្ថានភាព​ក្នុងស្រុក​កាន់តែ​ធ្ងន់ធ្ងរ​។

លោក​ថា​ការស្វែងរក​មនុស្ស​បាត់​ខ្លួន​ហាក់​សង្ឃឹម​កាន់តែ​តិច ទោះបី​ពេលនេះ​ភ្លៀង​រាំង​ហើយ​ទឹកជំនន់​បាន​ស្រក​បន្ដិច​ក្ដី​។

ប៉ុន្ដែ​លោក​សន្យា​នឹង​បញ្ជា​ឲ្យ​ក្រុម​ជួយសង្គ្រោះ​បន្ដ​ប្រតិ​បត្ដិកា​រ ដើម្បី​ជួយ​ប្រជាជន​រងគ្រោះ​។​

 

សូមបញ្ជាក់ថា យ៉ាងហោចណាស់​មនុស្ស​១​ម៉ឺន​នាក់ ត្រូវបាន​ជួយសង្គ្រោះ​ឲ្យ​ចាកចេញ​ពី​លំនៅដ្ឋាន និង​កំពុងស្នាក់នៅ​ក្នុង​ជម្រក​បណ្ដោះអាសន្ន​។

រដ្ឋាភិបាល​ជប៉ុន​បាន​ប្ដេជ្ញា​នឹង​ផ្ដល់ជំនួយ ដើម្បី​ជួយ​ឲ្យ​ប្រជាជន​ទាំងអស់​អាច​ត្រឡប់ទៅផ្ទះ​ពួកគេ​វិញ​៕

 

Loading...