ឆេះ​រថយន្ត​ដឹក​ថ្នាំពេទ្យ​មួយគ្រឿង នៅ​កណ្តាល​ក្រុង​សៀមរាប​

រថយន្ត​មួយគ្រឿង​ត្រូវបាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ នៅ​កណ្តាល​ក្រុង​សៀមរាប ពេល​កំពុង​បើកបរ​ដឹក​ថ្នាំពេទ្យ​លក់​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០២១ ស្ថិតក្នុង​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ត្រង់ចំណុច​ផ្សារកណ្តាល មុខ​ឱសថស្ថាន​ព្រះវិហារ នៃ​ក្រុង​សៀមរាប​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​មួយគ្រឿង​ដែល​រង​ការឆាបឆេះ​នៅ​ចំណុច​មុខ​ឱសថស្ថាន​ព្រះវិហារ​នេះ ម៉ាក​ស្តា​រិច ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Medibes​។ អ្នកបើក​បរមាន ឈ្មោះ ជ្រែង វៃ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្រុកកំណើត​ភូមិ​ឈ្លី​ត​លើ ឃុំ​ខ្ជាយ​ខាងត្បូង ស្រុក​ដង​ទង ខេត្តកំពត​។​

​ប្រភព​បន្តថា នៅមុន​កើតហេតុ​រថយន្ដ​ខាងលើ បាន​បើក​ដឹក​ថ្នាំពេទ្យ​យកមក​លក់​ឲ្យ​ឱសថស្ថាន​ព្រះវិហារ​។ លុះ​ពេល​ឈប់​ឡាន បម្រុង​ដាក់​ថ្នាំពេទ្យ​ចុះ ក៏​ស្រាប់​តែមាន​ផ្សែងហុយ ហើយ​មាន​អណ្តាតភ្លើង​ឆាប ឆេះ​តែម្តង​។ ថ្វី​ត្បិត​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស តែ​បង្ក​ការខូចខាត​អស់​រថយន្ត​ចំនួន​០១​គ្រឿង​ម៉ាក Starex ពណ៌​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 2Y 5865 ជា​កម្ម​សិទ្ធ ក្រុមហ៊ុន Medibest នៅ​ភ្នំពេញ ឆេះ​ថ្នាំពេទ្យ ដែល​គិត​ជា​ទឹកប្រាក់​អស់​ប្រហែល ២០០០​ដុល្លារ ចំណែក​រថយន្ត​ខូចខាត​ទាំងស្រុង​។ ករណីនេះ សមត្ថកិច្ច​បាន​ប្រើប្រាស់រ​យន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០១​គ្រឿង​។​

​មន្ត្រី​បញ្ជាក់ថា មូលហេតុ នៃ​ការឆេះ​នេះ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី នៅ​ផ្នែក​ខាងមុខ​រថយន្ត​៕​

Loading...