ឆ្នាំនេះ ទាំងប្រជាកសិករជនជាតិខ្មែរ ក៏ដូចជាបងប្អូនជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី ងៀកមកចាប់អារម្មណ៍ដាំដំណាំដំឡូងមី ច្រើនជាងឆ្នាំកន្លងទៅ

ខេត្តរតនគិរី÷ លោក វិត វង់ អាយុ ៤៨ឆ្នាំ ជាប្រជាកសិកររស់នៅស្រុកលំផាត់ ខេត្តរតនគិរី ដែលកំពុងទិញដើមដំឡូងមីពីឈ្មួញ នៅលើដងផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង បានរៀបរាប់ប្រាប់សារព័ត៌មានយើងដឹងកាលពីថ្ងៃទី១៦ ខែឧសភានេះ ថា ដំណាំដំឡូងមីឆ្នាំនេះ ទាំងរូបលោក ក៏ដូចជាប្រជាកសិករដទៃទៀត ងៀកមកចាប់អារម្មណ៍ដាំដុះច្រើនជាងឆ្នាំកន្លងទៅ ដោយសារទីផ្សារមានតម្រូវការខ្ពស់ រួមទាំងទទួលបាននូវតម្លៃខ្ពស់ជាងឆ្នាំកន្លងៗទៅ ទាំងដំឡូងមីស្ងួត និងស្រស់ ។

លោក វិត វង់ បានអោយដឹងទៀតថា រូបលោកមានផ្ទៃដីដាំដុះដំណាំដំឡូងមីចំនួន ១ ហិកតា កន្លះ ដោយប្រើប្រាស់ថវិកាទិញដើមដំឡូងមីពីឈ្មួញអស់ចំនួនជាង ១ លានរៀល ។

លោក ចាមឹង សុភ័ក្ត អាយុ ៣២ ឆ្នាំ ជាជនជាតិដើមភាគតិចព្រៅ និងជាមេភូមិល្បាំង២ ឃុំកាចាញ ស្រុកលំផាត់ ខេត្តរតនគិរី ដែលកំពុងទិញដើមដំឡូងមីពីឈ្មួញផងដែរនោះ បានបង្ហាញភាពសប្បាយរីករាយចំពោះតម្លៃទីផ្សារដំឡូងមីឆ្នាំនេះ ដែលទទួលបាននូវតម្លៃខ្ពស់ជាងឆ្នាំកន្លងទៅ ដូច្នេះហើយញ៉ាំងអោយប្រជាកសិករជាច្រើនគ្រួសារនៅភូមិ ឃុំ របស់លោក សម្រុកដាំនូវដំណាំដំឡូងមីនេះវិញ ។

ដោយឡែក លោកស្រី ស្រី មិថុនា មានអាយុជាង ៣០ ឆ្នាំ ដែលជាឈ្មួញលក់ដើមដំឡូងមីដល់ប្រជាកសិករ បានរៀបរាប់អោយដឹងថា ឆ្នាំ២០១៨នេះ តម្លៃដំឡូងមីមានការកើនឡើងខ្ពស់ជាងឆ្នាំកន្លងទៅ ខណៈដែលរោងចក្រកែច្នៃដំឡូងមី ទើបតែសម្ភោធកាលពីពេលថ្មីៗនេះនៅស្រុកអូរយ៉ាដាវ ដូច្នេះធ្វើអោយកំណើននៃការលក់ដើមដំឡូងមីទៅកាន់ប្រជាកសិករ មានការកើនឡើងជាងឆ្នាំកន្លងៗទៅ ។

ឈ្មួញស្រីលក់ដើមដំឡូងមីរូបនេះ បានអោយដឹងទៀតថា ដើមដំឡូងមី ដែលលោកស្រីប្រមូលលក់ទៅអោយកសិករនាពេលនេះ គឺយកពីបណ្តាស្រុកមួយចំនួនក្នុងខេត្តរតនគិរី និងមួយចំនួនទៀតយកមកពីប្រទេសជិតខាង ដោយលក់ក្នុង ១បាច់ មានប្រមាណជា ២០ ដើម ក្នុងតម្លៃ ១ម៉ឺនរៀល ខណៈដែលឆ្នាំកន្លងទៅ ក្នុង១បាច់ដូចគ្នា លក់បានត្រឹមតែតម្លៃ ៤ ទៅ ៥ ពាន់រៀលប៉ុណ្ណោះ ។

ទាក់ទងទៅហ្នឹងដំណាំដំឡូងមីនេះដែរ លោក លឹង តឹង មានអាយុ ៣៨ឆ្នាំ ជាបងប្អូនជនជាតិទំពួន រស់នៅភូមិកាជាន់ ឃុំឯកភាព ស្រុកអូរជុំ ដែលកំពុងជួយកាប់ដីដាំដំឡូងមីអោយក្មួយ បានរៀបរាប់ថា ដំណាំនេះ ក្រោយពេលដាំរយៈពេល ៨ ទៅ ៩ ខែ ទើបអាចប្រមូលផលបាន ។

លោក សយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី បានផ្តល់បទសម្ភាសន៍តាមប្រព័ន្ធទូរស័ព្ទកាលពីថ្ងៃទី ១៥ ខែឧសភានេះ ថា នៅក្នុងឆ្នាំ២០១៧កន្លងទៅ ដំណាំដំឡូងមី នៅក្នុងខេត្តរតនគិរី មានផ្ទៃដីដាំដុះសរុបចំនួន ១៥.៥០០ ហិកតា ហើយក្នុងចំណោម ៩ ក្រុង – ស្រុក នៃខេត្តរតនគិរី គឺស្រុកអូរយ៉ាដាវ ស្រុកបរកែវ និងស្រុកលំផាត់ មានផ្ទៃដីដាំដុះច្រើនជាងគេ ។

លោក សយ សូណា បន្តថា សម្រាប់ឆ្នាំ២០១៨នេះ តាមផែនការ លោករំពឹងថា នឹងមានការកើនឡើងនូវដំណាំនេះ ខណៈដែលដំណាំដំឡូងមីនេះ ទីផ្សារកំពុងមានតម្រូវការ រួមទាំងតម្លៃ ក៏ទទួលបាននូវតម្លៃខ្ពស់ជាងកន្លងៗទៅ ស្របជាមួយហ្នឹងរោងចក្រកែច្នៃដំឡូងមី ទើបតែចាប់ផ្តើមសម្ភោធនាពេលថ្មីៗនេះ នៅស្រុកអូរយ៉ាដាវ ។

ប្រធានមន្ទីរកសិកម្មខេត្តរតនគិរីរូបនេះ បានបញ្ជាក់ទៀតថា តាមរយៈរោងចក្រកែច្នៃដំឡូងមី ដែលទើបតែចាប់ផ្តើមសម្ភោធថ្មីៗនេះ លោករំពឹងថា នឹងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ក៏ដូចជាលើកស្ទួយវិស័យដំណាំដំឡូងមី អោយមានសក្តានុពលខ្លាំងជាងមុន ទាំងទិន្នផល គុណភាព និងតម្លៃ ។

លោកប្រធានមន្ទីរ បញ្ជាក់ថា នៅក្នុងខេត្តរតនគិរី ដំណាំដែលមានសក្តានុពលជាងគេក្នុងខេត្ត មានដំណាំចំការកៅស៊ូ ដែលមានផ្ទៃដីដាំដុះរហូតដល់ទៅ ៧ម៉ឺនហិកតា ប៉ុន្តែដំណាំនេះហាក់នៅត្រឹង ពុំមានការដាំដុះពង្រីកផ្ទៃដីបន្ថែមនោះទេ ខណៈដែលដំណាំចន្ទី ក៏ជាដំណាំដែលមានសក្តានុពលខ្លាំងផងដែរ ដែលមានផ្ទៃដីដាំដុះចំនួន ៣ម៉ឺនហិកតា ៕ ជាយដែន

 

Loading...