ឆ្លៀតឱកាសស្រុកទេសវឹកវរឈ្មួញចាន់ណាត្រូវរ៉ូវជាមួយប្រធានមន្ទីរកសិកម្មខេត្តសៀមរាបដឹកឈើតាមចិត្ត

ខេត្តសៀមរាប៖ ឈ្មួញម្នាក់ដែលល្បីឈ្មោះខាងរកស៊ីដឹកឈើនៅខេត្តសៀមរាបឆ្លៀតពេលស្រុកទេសដែលកំពុងវឹកវរនឹងបញ្ហាជំងឺកូវីដ19 បែរជាកំពុងសម្រុកដឹកឈើចូលក្នុងឃ្លាំងធ្វើព្រងើយទៅវិញ ។ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបលោកទា គឹមសុទ្ធ ក៏ដូចជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបលោកម៉ុងប៊ុនលីម បែរជាយកសំពត់រហែកកញ្ចាស់មួយមកបាំងអំពើល្មើសរបស់ឈ្មួញចាន់ណានោះទៅវិញ ។

ថ្មីៗនេះប្រជាពលរដ្ឋនៅភូមិខ្នារសង្កាត់ជ្រាវក្រុងសៀមរាប ខេត្តសៀមរាបភ្ញាក់ផ្អើលនិងដេប៉ូឈឺធំមហាសម្បើមមួយកន្លែងរបស់ឈ្មួញចាន់ណាដែលអាជ្ញាធរមានសមត្ថកិច្ចជំនាញខាងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបពោលគឺលោកទាគឹមសុទ្ធអះអាងថាជាឈើស្របច្បាប់ ។ សម្រាប់មន្ត្រីនគរបាល,កងរាជអាវុធហត្ថ ក៏ដូចជាសមត្ថកិច្ចផ្សេងទៀតយកដៃគួកនិងរឹតដើមទ្រូង ព្រោះទំហំឈើអាររួចដែលគរនៅក្នុងឃ្លាំងនោះមិនមែនតិចតួចនោះទេគឺខ្ទង់រយម៉ែត្រគូបឯណោះ។ គេនិយាយថាឈ្មោះចាន់ណាមានឥទ្ធិពលខ្លាំងណាស់ដែលអាចដឹកជញ្ជូនឈើរាប់រយម៉ែត្រគូបមកគរក្នុងឃ្លាំងនៅក្នុងសង្កាត់ជ្រាវនោះ។

ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលដឹកឈើគ្រឿងផ្ទះបន្តិចបន្តួចមុខជាត្រូវក្រុមលោកទា គឹមសុទ្ធដែលមានដៃជើងលោកម៉ុងប៊ុនលីមចាប់រឹបអូសយកឈើយកទៅទុកឬក៏ផាកពិន័យប្រាក់រាប់លានរៀលមិនខានឡើយ។ ប៉ុន្តែសម្រាប់ឈ្មោះចាន់ណា ពួកមេព្រៃមានតែសម្របសម្រួលដូចករណីខាងលើនេះដែលគេសង្កេតឃើញថា ក្នុងឃ្លាំងខាងលើមានឈើប្រណីតនិងឈើអាររួចរាប់រយម៉ែត្រគូប ហើយបែរជាពួកមេព្រៃនោះថាជាឈើស្របច្បាប់ទៅវិញ។ បើឈើស្របច្បាប់ហេតុអ្វីក៏មិនបើកចំហរឃើញប្រកបដោយតម្លាភាពផងទៅ?

រឿងនេះគួរតែថ្នាក់ដឹកនាំក្រសួងកសិកម្មពិនិត្យមើលលោកទា គឹមសុទ្ធដែលឆ្លៀតឱកាសស្រុកទេសវឹកវរបែរជាឃុបឃិតជាមួយឈ្មួញដឹកឈើរាប់រយម៉ែត្រគីប។រីឯពួកឈ្មួញអាងអំណាចលោកប្រធានមន្ទីរដែលជាស្ថាប័នជំនាញមិនញញើតជាមួយសមត្ថកិច្ចដទៃទៀតឡើយ។គេនិយាយថាមួយម៉ាត់ណាក៏លោកចាន់ណាយកឈ្មោះលោកទា គឹមសុទ្ធ និងលោកម៉ុងប៊ុនលីមមកកាងទង្វើរកស៊ីល្មើសច្បាប់របស់ខ្លួននោះដែរ។ ជាមួយនេះលោកអភិបាលខេត្តសៀមរាបទៀ សីហា គួរពិនិត្យមើលទង្វើរបស់ប្រធានមន្ទីរកសិកម្មមួយផងដើម្បីកុំឲ្យខូចកេរ្តិ៍ឈ្មោះរបស់លោក៕

Loading...