ជនចាស់ជរា ជនពិការ ស្ត្រីមេម៉ាយកូនច្រើន និងកុមារកំព្រាចំនួន ៤២០គ្រួសារបានទទួល អំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជាជនចាស់ជរា នឹងជនពិការ

ខេត្តរតនគិរី: ស្ត្រីមេម៉ាយកូនច្រើន និងកុមារកំព្រាចំនួន ៤២០គ្រួសារ ជ្រើសរើសមក ពីឃុំទាំង៦ របស់ស្រុកបកែវ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៧ បានមកជួបជុំគ្នានៅសាលា ឃុំឡាម៉ិញ ដើម្បីទទួល អំណោយមនុស្សធម៌ពី កាកបាទក្រហមកម្ពុជា ។

ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោក អ៊ុយ សំអាត នាយកដ្ឋានគ្រប់គ្រង គ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងលោក គិត ទ្រី អភិបាលរងខេត្តរតនគិរី និងជាអនុប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំង លោក លោកស្រី ជាសមាជិក សមាជិការ គណៈ កម្មាធិការ សាខាកាកបាទក្រហមខេត្ត ជាច្រើនរូបទៀត ។

ថ្លែងទៅកាន់ ប្រជាពលរដ្ឋដែលមកទទួលអំណោយ មនុស្សធម៌ពេលនេះ លោក អ៊ុយ សំអាត បានពាំនាំ មកនូវការសាកសួរសុខទុក្ខ និងការនឹករលឹក ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច គតិព្រឹទ្ធបណ្ឌិត ប៊ុរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងពីរតែងតែ គិតគូ និងខ្វល់ខ្វាយ ជានិច្ចចំ ពោះសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើង នៅទូរទាំងប្រទេស ។

លោក សង្កត់ ធ្ងន់ថា កាកបាទក្រហមកម្ពុជា ជាសេនាធិការអោយរាជរដ្ឋាភិបាល លើកិច្ចការមនុស្សធម៌ ហើយជាស្ថាប័នមួយឯករាជ្យ ដោយឈរលើគោលការណ៍គ្រឹះទាំង ៧ របស់កាកបាទក្រហម អឌ្ឍច័ន្ទក្រហម អំណោយ មនុស្សធម៌ របស់កាកបាទក្រហម មិនប្រកាន់ពូជសាសន៍ ពណ៌សំប្បុរ ឬ និន្នាការនយោបាយ អ្វីឡើយ ពោលគឺទីណាមានទុក្ខលំបាកទីនោះមានវត្តមានកាកបាទក្រហមកម្ពុជា ចុះជួយជានិច្ច ។

លោក អ៊ុយ សំអាត បានលើកឡើងពីការខិតខំប្រឹងប្រែង របស់សម្តេច គតិព្រឹទ្ធបណ្ឌិតប្រធាន កាកបាទក្រហម ក្នុងការគៀគរធនធាន ពីសប្បុរសជន នានា ដើម្បីកាកបាទក្រហម មានលទ្ធភាព បំពេញ ភារៈកិច្ច មនុស្សធម៌ ជួយដល់ ជនចាស់ជរា គ្មានទីពឹង ជនពិការ ស្ត្រីមេម៉ាយ កូនច្រើន កុមារកំព្រារ និងអ្នកកើត ជំងឺអេដស៍ ជាពិសេសដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះ មហន្តរាយ ផ្សេងៗ ។

ជាក់ស្តែង អំណោយដែលយកមក ចែកជូននាពេលនេះ គឺបានមកពីសប្បុរសជននានា ថ្វីត្បិតតែមិន អាចឆ្លើយតប ទៅនឹងសេចក្តីត្រូវការ របស់បងប្អូនក៏ពិតមែន តែក៍អាចជួយសម្រួលដល់ការលំបាកបានមួយរយៈពេល សម្រាប់បងប្អូនផងដែរ ។

លោក ផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងមិនត្រូវមានការរើសអើង អ្នកផ្ទុកមេរោគអេដស៍ នោះឡើយ ស្ត្រីមានផ្ទៃពោះត្រូវទៅពិនិយ្យ ផ្ទៃពោះ អោយបានរាងរាល់ខែ នៅតាមមន្ទីរពេទ្យ មណ្ឌល់សុខភាព អោយបានទៀងទាត់ ដោយឡែកបុរសៗ ត្រូវមានការស្រលាញ់ប្រពន្ធកូននិងគួរជៀសវាងការទទួលទានស្រា ដែលជាហេតុបង្ក អោយមាន អំពើ ហឹង្សាក្នុងគ្រួសារ ។

តមកលោក ក៍បានអញ្ជើញចែកអំណោយដល់ប្រជាពលរដ្ឋ ទាំង ៤២០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ៣០ គីឡូក្រាម មី ១ កេស ត្រីខ ១ យួរ ឃីតមួយកញ្ចប់ផងដែរ ៕ វុទ្ធឦសាន

Loading...