ជនជាតិចិនជិះម៉ូតូបុកជនជាតិខ្មែរដួលរងរបួសធ្ងន់ស្រាល៣នាក់

ខេត្តកំពង់ស្ពឺ៖ បុរសជនជាតិចិន២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា តែមិនដឹងយ៉ាងម៉េច ស្រាប់តែទៅបុកម៉ូតូជនជាតិខ្មែរធ្វើដំណើរម្នាក់ឯងបណ្តាលឲ្យដួលរងរបួសធ្ងន់ ស្រាល៣នាក់ ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះផងដែរ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៥នាទីព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅលើផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ។

ប្រភពពីនគរបាលចរាចរណ៍បានថ្លែងថា ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើង រវាងម៉ូតូបុកជាមួយម៉ូតូ ក្នុងទិសដៅស្របទិសគ្នាពីកើតទៅលិច គឺមុនពេលកើតហេតុ ឈ្មោះ ZHU WENJIE ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន និងឈ្មោះ YAN SHENG MIN ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ជិះម៉ូតូម៉ាកYamaha NAUVO MX ពណ៌ខ្មៅ ពាក់ស្លាកលេខ 89-H9 9588 ទៅបុកម៉ូតូម៉ាក HONDA WAVE អាល់ហ្វា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CY-4357 បើកបរដោយឈ្មោះ សាម ខុន ភេទប្រុស អាយុ៥៤ឆ្នាំ ជាប្រជាការពារភូមិមនោរម្យ រស់នៅភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ពីក្រោយបណ្ដាលអោយបោកដួលម៉ូតូនឹងផ្លូវថ្នល់ រងរបួសធ្ងន់ ស្រាល។

ក្រោយពេលកើតហេតុ ជនរងគ្រោះជនជាតិចិន ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីពហុព្យាបាល និងសម្ភពសុខណាកំពង់ស្ពឺ ចំណែកម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ជាបណ្ដោះអាសន្ន និងកំពុងកសាងតាមនិតិវិធី ។

សមត្ថកិច្ចបានបញ្ជាក់ថា ឈ្មោះ ZHU WENJIE រងរបួសស្រាល ឈ្មោះ YAN SHENG MIN របួសធ្ងន់ចំដៃឆ្វេង រីឯ ឈ្មោះសាម ខុន រងរបួសដៃធ្ងន់ផងដែរ ៕ មណ្ឌលច្បារមន

Loading...