ជនជាតិដើមភាគតិចនៅរតនគិរីបន្តទាមទារឲ្យតុលាការដោះលែងតំណាងអ្នកភូមិបីនាក់

ខេត្តរតនគិរី ៖ប្រជាពលរដ្ឋជនជាតិដើមភាគតិចភូមិបរឡយ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី សម្រេចចិត្តវិលទៅលំនៅឋានវិញដើម្បីបន្តការទាមទារតាមនីតិវិធីឲ្យ តុលាការដោះលែងតំណាងអ្នកភូមិ ៣នាក់ ដែលតុលាការចាប់ខ្លួនក្នុងរឿងដីធ្លី។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកការចាប់ខ្លួនតំណាងអ្នកភូមិ គឺជាការគំរាមកំហែងសិទ្ធិរស់នៅរបស់ជនជាតិដើមភាគតិច។
អ្នកភូមិបរឡយ ជាង ២០០នាក់ បានផ្ដិតមេដៃលើលិខិតធានាសុំឲ្យតំណាងពួកគាត់បីនាក់បាននៅក្រៅ ការឃុំខ្លួនក្នុងពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី៣ ខែធ្នូ នេះ មុននឹងអ្នកភូមិសម្រេចវិលត្រឡប់ទៅលំនៅឋានវិញ។
កាលពីថ្ងៃទី២ ធ្នូ កន្លងទៅនេះ អ្នកភូមិ ១៥០នាក់ បានច្រានរំលំទ្វាររបងសម្រុកចូលការិយាល័យតុលាការខេត្តរតនគិរី ខណៈដែលមន្ត្រីតុលាការបានចាប់ខ្លួនតំណាងពួកគាត់បីនាក់បញ្ជូនទៅ ឃុំខ្លួននៅពន្ធនាគារ ក្រោយពីបើកសវនាការរឿងក្តីចោទប្រកាន់អ្នកភូមិរំលោភដីធ្លីអ្នក ដទៃ។
អ្នកភូមិឈ្មោះ សុន សក្តិ សំដែងការខឹងសម្បាយ៉ាងខ្លាំងដោយចាត់ទុកការចាប់ខ្លួនតំណាងអ្នក ភូមិថា ជារឿងអយុត្តិធម៌ហើយហៅការសម្រេចក្តីរបស់មន្ត្រីតុលាការថា ពាក់ព័ន្ធថាជារឿងពុករលួយ។ គាត់អំពាវនាវសុំឲ្យនាយករដ្ឋមន្ត្រីចាត់វិធានការស៊ើបអង្កេត និងទាមទារឲ្យតុលាការដោះលែងតំណាងអ្នកភូមិមកវិញ៖ «ស្ថាប័នទាំង អស់ជួយរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋយើងខ្ញុំផង។ អយុត្តិធម៌ខ្លាំងណាស់ ជាមួយប្រជាពលរដ្ឋយើងខ្ញុំទាំងអស់នេះ។ ពុំមានយុត្តិធម៌ទេពួកនេះ គឺវាអាងអំណាច អាងលុយ»។
ដូចគ្នានេះដែរ ភរិយាតំណាងអ្នកភូមិម្នាក់ដែលកំពុងជាប់ឃុំខ្លួន អ្នកស្រី យន់ រ៉ន អះអាងថា ប្ដីគាត់មិនបានប្រព្រឹត្តអ្វីខុសទេ ពីព្រោះប្ដីគាត់តំណាងអ្នកភូមិការពារដីធ្លីដែលពួកគាត់កំពុងរស់នៅ តាមលក្ខណៈប្រពៃណីជនជាតិដើមភាគតិច ហេតុនេះអ្នកស្រីអំពាវនាវសុំឲ្យស្ថាប័នកំពូលថ្នាក់ជាតិផ្ដល់ យុត្តិធម៌មកអ្នកភូមិវិញ៖ «មកកាត់ក្ដីភាគីម្ខាងមិនមកទេ ហៅតែភាគីម្ខាងមក ទន្ទឹមនឹងនេះ វាយកប្ដីខ្ញុំដាក់គុក ចូលផ្លូវមុខ ចេញផ្លូវក្រោយ។ តុលាការអយុត្តិធម៌ណាស់ ពុករលួយណាស់! សូមឲ្យក្មួយរកភាពយុត្តិធម៌ឲ្យពួកយើងខ្ញុំផង»។
យើងមិនអាចទាក់ទងប្រធានតុលាការខេត្តរតនគិរី លោក សួស ឡា សុំបញ្ជាក់ពីការចោទប្រកាន់របស់ពលរដ្ឋបានទេ នៅថ្ងៃទី៣ ខែធ្នូ ក៏ប៉ុន្តែកាលពីរាត្រីថ្ងៃទី២ ធ្នូ កន្លងទៅ ប្រធានតុលាការ អាជ្ញាធរខេត្ត និងមន្ត្រីស្នងការដ្ឋានប៉ូលិស និងមន្ត្រីការពារសិទ្ធិមនុស្សបានជួបពិភាក្សាបន្ទាន់មួយ ហើយផ្ដល់យោបល់ឲ្យអ្នកភូមិដាក់ពាក្យប្ដឹងទាស់សាលក្រមតុលាការសាលា ដំបូងខេត្តរតនគិរី ដែលបានសម្រេចចាប់ខ្លួនតំណាងអ្នកភូមិដើម្បីតុលាការសាលាឧទ្ធរណ៍ សម្រេចក្តីនេះឡើងវិញ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី អះអាងដែរថា អ្នកភូមិបានទទួលយកយោបល់របស់អាជ្ញាធរពាក់ព័ន្ធ។ ចំណែកមេធាវីការពារក្តីជនជាប់ចោទទាំងបីនាក់បានធ្វើលិខិតប្ដឹង ទាស់រួចហើយដែរ។
លោកបន្តថា មន្ត្រីស្ថាប័នពាក់ព័ន្ធសន្យាថា នឹងបញ្ជូនពាក្យប្ដឹងទាស់របស់មេធាវីតំណាងជនជាប់ចោទទៅសាលាឧទ្ធរណ៍ ឲ្យបានឆាប់ ដើម្បីពន្លឿននីតិវិធីធ្វើយ៉ាងណាឲ្យតំណាងអ្នកភូមិបានរួចពីការ ចោទប្រកាន់៖ «ការចាប់ខ្លួនបន្ទាប់ពីសវនាការចប់ យើងឃើញថា ការគំរាមកំហែងបំបាក់ស្មារតីពលរដ្ឋជាតំណាងសហគមន៍ ដែលគាត់លេចធ្លោក្នុងការប្ដឹងតវ៉ាទៅឲ្យគ្នាគាត់ ១១២នាក់ហ្នឹង»។
ដីការក្សាការពាររបស់ចៅក្រមសាលាដំបូងខេត្តរតនគិរី កាលពីឆ្នាំ២០១៣ ឈ្មោះ ហ៊ាង សុជាតិ មានប័ណ្ណកម្មសិទ្ធិ ២០ប្លង់ដែលមានម្ចាស់កម្មសិទ្ធិផ្សេងគ្នាលើដីសរុប ១៨៦ហិកតារ បានប្ដឹងសុំទៅតុលាការខេត្តរតនគិរី រក្សាការពារដីដែលប្រជាពលរដ្ឋបានតាំងទីលំនៅ និងប្ដឹងចោទអ្នកភូមិថា បានរំលោភកាន់កាប់អចលនទ្រព្យរបស់ខ្លួន។
យ៉ាងណាក៏ដោយ អ្នកភូមិបរឡយ នៅរសៀលថ្ងៃទី៣ ខែធ្នូ នាំគ្នាចាកចេញពីការិយាល័យអង្គការអាដហុក បន្ទាប់ពីពួកគាត់បានស្នាក់នៅតវ៉ាសុំឲ្យដោះលែងតំណាងពួកគាត់មកវិញ កាលពីរាត្រីថ្ងៃទី២ ខែធ្នូ។ មុននឹងចាកចេញអ្នកភូមិបានស្រែកថ្កោលទោសមន្ត្រីតុលាការទៅនឹងអំពើ ពុករលួយ។ អ្នកភូមិអះអាងថា រយៈពេល ៥ថ្ងៃទៀត ប្រសិនមិនមានការដោះលែងតំណាងពួកគាត់វិញទេ។ អ្នកភូមិនឹងនាំគ្នាមកបន្តការតវ៉ាជាថ្មីទៀត៕

image2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *