ជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរីតវ៉ាសុំផ្អាកការចែកដីសង្គមកិច្ចជូនពលរដ្ឋចំណាកស្រុក

តំណាងសហគមន៍ជាង ៥០នាក់មកពីភូមិចំនួន៧ នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ប្រមូលផ្តុំគ្នាលើកបដាតវ៉ានៅមុខសាលាឃុំប៊ូស្រា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធ ផ្អាកការចែកដីសម្បទានសង្គមកិច្ចទៅឲ្យពលរដ្ឋចំណាកស្រុក ដោយសារមានផលប៉ះពាល់ដីតំបន់កប់សព និងព្រៃតំណមរបស់ពួកគាត់។
តំណាងសហគមន៍ លោក ក្រើង តុលា បញ្ជាក់ថា មិនមានមន្ត្រីមូលដ្ឋានណាម្នាក់ចេញមុខដោះស្រាយជូនពួកគាត់ទេ ខណៈក្រុមមន្ត្រីពាក់ព័ន្ធ មានអាជ្ញាធរឃុំ ស្រុក មន្ត្រីព្រៃឈើ និងមន្ត្រីបរិស្ថាន កំពុងចុះវាស់វែងបែងចែកដីជូនពលរដ្ឋចំណាកស្រុក។
យ៉ាងនេះក្តី លោក ក្រើង តុលា បញ្ជាក់ថា ក្រុមអាជ្ញាធរមិនបានពិភាក្សាជាមួយសហគមន៍ ទាក់ទងការផ្តល់ដីនៅតំបន់នោះទៅជាដីសម្បទាននោះទេ។ ហេតុនេះ ទើបអ្នកភូមិតវ៉ា ដើម្បីសុំផ្អាកគម្រោងនេះ ហើយស្នើសុំត្រួតពិនិត្យផលប៉ះពាល់ប្រជាពលរដ្ឋឡើងវិញ៖ «ប្រជាពលរដ្ឋ គាត់ត្រឡប់ទៅផ្ទះវិញហើយ គាត់ថាស្អែកគាត់ត្រឡប់មកបន្តទៀត។ គាត់តវ៉ាគាត់សុំឲ្យអាជ្ញាធរសហការជាមួយសហគមន៍ ព្រោះប៉ះលើព្រៃខ្មោច និងព្រៃតំណមពួកគាត់។ ប្រសិនស្អែក ឬខានស្អែក អាជ្ញាធរមិនសហការ គាត់នឹងធ្វើបាតុកម្ម ឬធ្វើពាក្យប្ដឹងបន្តទៀត»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអាដហុក (ADHOC) ដែលបានឃ្លាំមើលបញ្ហានេះ ចាត់ទុកការគេចវេះមិនមកដោះស្រាយបញ្ហាជូនពលរដ្ឋ ថាជាចេតនារំលោភសិទ្ធិតស៊ូមតិដោយអហិង្សារបស់ពលរដ្ឋ។ លោកថា អាជ្ញាធរគួរផ្អាកការវាស់វែងផ្តល់ដីសម្បទាន ហើយងាកមកដោះស្រាយការតវ៉ារបស់អ្នកភូមិ ដើម្បីបញ្ចប់បញ្ហាជាមុនសិន។
តំណាងសហគមន៍អះអាងថា នៅថ្ងៃទី៩ ខែធ្នូ អ្នកភូមិ នឹងប្រមូលផ្តុំតវ៉ាជាថ្មីទៀត ប្រសិនអាជ្ញាធរនៅតែមិនព្រមផ្អាកគម្រោងផ្តល់ដីសម្បទានសង្គមកិច្ច នេះ៕

image3454

Loading...

Leave a Reply

Your email address will not be published. Required fields are marked *