ជនជាតិដើមភាគតិច រៀបចំសែនឡើងក្បាលស្រែដល់អ្នកតាភ្នំសុំសេចក្តីសុខ

(ខេត្តស្ទឹងត្រែង)៖ ជាទំលាបរបស់បងប្អូនជនជាតិដើមភាគតិចព្រៅ ស្ថិតនៅភូមិការតូត ឃុំ កំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង តែងរៀបចំពិធីសែនឡើងក្បាលស្រែដល់អ្នកតាភ្នំ ដើម្បីសុំសេចក្តីសុខនិងបង្ហាញពីប្រពៃណីដល់ឲ្យកូនចៅជំនន់ក្រោយបានស្គាល់និងជួយអភិរក្ស កាលពីថ្ងៃទី៩ខែសីហាឆ្នាំ២០២០កន្លងទៅ ។

លោក វណ្ណ វែង គណៈកម្មការសមាគមន៍ជនជាតិព្រៅ តំណាងឱ្យចាស់ទុំ (មេកញ្ទ្រាញជនជាតិព្រៅ) ដឹកនាំពិធីសែនឡើងក្បាលស្រែដល់អ្នកតាភ្នំបានបញ្ជាក់ថា ពិធីសែនព្រេននេះបងប្អូនជនជាតិព្រៅ ក្នុងភូមិសុំឱ្យមានសេចក្តីសុខចម្រើនកូនចៅរស់នៅក្នុងភូមិកុំឱ្យកើយជំងឺ ឈឺថ្កាត់ ទោះបីថាផ្នែក សម្ភារៈ សំលៀកបំពាក់ ភាសា ត្រូវបានប្រែក្លាយអស់ទៅហើយក៍ដោយ តែពិធីសែនព្រេននេះមិនបោះបង់ទេ ។

លោកបន្តថា ចាប់តាំងពីឆ្នាំ១៩៩០មក បងប្អូនជនជាតិមួយចំនួន បានបាក់បែងចែកភូមិទៅរស់នៅផ្សេងៗពីគ្នាតែការគោរពប្រពៃណីរបស់ជនជាតិ (ព្រៅ -ព្នង -គួយ -ទំពួន -ចារាយ- ស្ទៀង- គ្រឹង)បានធ្វើពិធីនេះដូចគ្នាជាពិសេសការសែនព្រេនឡើងក្បាលស្រែសុំឱ្យដំណាំ ស្រែចំការ ច្បារដំណាំចៀសផុតពីសត្វចង្រៃស៊ីបំផ្លាញដើម្បីបាកភោគផលច្រើន ។

លោក តាយុង ងន វ័យ៨៥ឆ្នាំ ជនជាតិព្រៅ បានលើកឡើងថា ពិធីនេះមិនខុសពីបងប្អូនខ្មែរធ្វើពិធីសែនព្រេននៅតាមចំការនោះទេ គ្រាន់បងប្អូនជនជាតិ បាននាំគ្នាធ្វើនៅរោងអ្នកតា ជាទីកន្លែងគោរពបូជា និងធ្វើផ្តុំគ្នាមិនមែនធ្វើម្នាក់ម្តងទេ។

លោកបន្តថា ពិធីនេះប្រព្រឹត្តទភដូចសព្វដង មេកន្ទ្រាញតែងកោះហៅទាំងក្មេងចាស់ប្រុសស្រី ប្រមូលគ្នាយកអាហារ នំចំណី មកជួបជុំគ្នាសែនព្រេន ចំពោះមុខអ្នកតាភ្នំ ដូចជា៖មានមាន់ អង្ករ បង្អែម អន្សម យកមកថ្វាយអារក្ស អ្នកតា ៣-អារក្ស៤ ដូចថា អារក្សនាងតែង អ្នកតា ចំការ(នាងណយ) អ្នកតាស្រែ(តាដាំឌួង) គេហៅគេប្រាប់ឈ្មោះ ដើម្បីជួយឱ្យបានសុខសម្បាយទាំងអស់គ្នា។
សូមបញ្ជាក់ថា បងប្អូនជនជាតិធ្វើពិធីសែនឡើងក្បាលស្រែ អ្នកតាភ្នំនេះគឺសុំសុខចម្រើន – សែនស្រូវឡើងជង្រុកទុកភោគផលឱ្យគង់វង្ស-សែនប្រយុងស្រែឱ្យអ្នកតាជួយការពារកុំឱ្យមានសត្វចង្រៃយារយីរ-នឹងសែនលាប្រណន់សងកុំឱ្យមានជាប់ជំពាក់បំណុលជាដើម ៕

 

Loading...