ជនជាប់ឃុំ៤នាក់ ដែលលួចរត់គេចខ្លួនពីពន្ធនាគារខេត្តកណ្តាល មិនទាន់ចាប់ខ្លួនបានមកវិញទេ..!

កណ្តាល៖ រហូតមកទល់ថ្ងៃទី១៧ខែមករា ឆ្នាំ២០២១ នេះ សមត្ថកិច្ចខេត្តកណ្តាល នៅពុំទាន់តាមចាប់ខ្លួនជនជាប់ឃុំ៤នាក់ ដែលលួចរត់គេចខ្លួនពីពន្ធនាគារខេត្តកណ្តាល មកវិញបាននៅឡើយទេ ។

លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ថ្លែងប្រាប់ ថា សមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនជាប់ឃុំ៤នាក់ នេះមកវិញហើយ ។

ដោយឡែក លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្តាល ពុំទាន់សុំការបញ្ជាក់បានទេ ដោយសារទូរស័ព្ទចូលជាច្រើនលើកគ្មានអ្នកទទួល ។

គួររំលឹកថា ជនជាប់ឃុំ៥នាក់ បានលួចរត់គេចខ្លួនពីពន្ធនាគារខេត្តកណ្តាល ក្រោយជាប់ឃុំបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្នុងបទល្មើសផ្សេងៗគ្នា ដោយនាពេលកន្លងមក ក៏មានករណីលួចរត់នេះ ជាញឹកញាប់ ផងដែរ ។

មជ្ឈដ្ឋានជាច្រើន បានរិះគន់ចំពោះការគ្រប់គ្រងពន្ធនាគាររបស់លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្តាល ថា ហាក់ធ្វេសប្រហែសជាខ្លាំង និង បង្ហាញពីអសមត្ថភាពក្នុងគ្រប់គ្រង ផងដែរ ។

តាមប្រភពព័ត៌មាន បានទម្លាយអោយដឹងថា កាលពីវេលាម៉ោង១០យប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ជនជាប់ឃុំចំនួន៥នាក់ បានលួចរត់ចេញពីពន្ធនាគារខេត្តកណ្តាល ដោយមានការធ្វេសប្រហែសពីមន្ត្រីពន្ធនាគារ ។ ប៉ុន្តែភ្លាមៗនោះ ជនជាប់ឃុំម្នាក់ក្នុងចំណោម៥នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានមកវិញ។

នៅពេលនេះ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនជាប់ឃុំ៤នាក់ ផ្សេងទៀតដែលកំពុងរត់គេចខ្លួននោះ ដែលជនទាំងនេះ មានម្នាក់ត្រូវបានផ្តន្ទាទោសពាក់ព័ន្ធនឹងករណីគ្រឿងញៀន និង ៣នាក់ទៀតពាក់ព័ន្ធនឹងករណីលួច និង លួចមានស្ថានភាពទម្ងន់ទោស។

ជាការកត់សម្គាល់ កន្លងមក តែងតែមានការករណីជនជាប់ឃុំលួចរត់គេចខ្លួនពីពន្ធនាគារខេត្តកណ្តាល ជាញឹកញាប់ ហើយក្រុមការងារអធិការកិច្ចរបស់ក្រសួងមហាផ្ទៃ ក៏បានចុះមកពិនិត្យផ្ទាល់ដល់ពន្ធនាគារខេត្តកណ្តាល ផងដែរ ។

ក្រុមការងារអធិការកិច្ចរបស់ក្រសួងមហាផ្ទៃ តែងតែណែនាំអោយលោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្តាល ដែលជាមន្ត្រីផ្ទេរមកពីពន្ធនាគារប៉េហ្ស៊ី ត្រូវយកចិត្តទុកដាក់អោយបានល្អបន្ថែមទៀត ចំពោះការគ្រប់គ្រងអ្នកទោសក្នុងពន្ធនាគារ ។

ប៉ុន្តែ ទោះបីយ៉ាងណា បញ្ហានៅតែកើតមានជាដដែលៗ ចំពោះការលួចរត់គេចខ្លួនរបស់អ្នកទោស នេះ ដែលអាចបង្ហាញពីអសមត្ថភាពក្នុងការគ្រប់គ្រងអ្នកទោសរបស់លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្តាល ផងដែរ ៕

Loading...