ជនជាប់ចោទក្នុងសំណុំរឿងវាយសម្លាប់អ្នកកាសែតត្រូវបានដោះលែង

ខេត្តកំពង់ឆ្នាំង៖ជនជាប់ចោទម្នាក់ដែលតុលាការខេត្តកំពង់ឆ្នាំង ផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ១៣ឆ្នាំ ក្រោមបទមនុស្សឃាតលើអ្នកកាសែត កាលពីឆ្នាំ២០១៤ បានរួចខ្លួនត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីត្រូវបានសាលាឧទ្ធរណ៍បើកសវនាការ និងសម្រេចសេចក្ដីឡើងវិញឲ្យជនជាប់ចោទរួចផុតពីការចោទប្រកាន់។ គ្រួសារជនរងគ្រោះ និងមន្ត្រីការពារសិទ្ធិមនុស្សរិះគន់ចំពោះការដោះលែងនេះ។
នៅក្នុងសាលដីកាដោះលែងជនជាប់ចោទម្នាក់ក្នុងចំណោម ៥នាក់ ឈ្មោះ យ៉ង ភាឡេង ចេញដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ លោក ប៉ាក ច័ន្ទសំបូរ បានលើកសំអាងហេតុជាច្រើនចំណុច។ ក្នុងនោះក៏បានលើកពីវិមតិសង្ស័យលើជនជាប់ចោទដែលនៅក្នុងច្បាប់ រដ្ឋធម្មនុញ្ញត្រូវបានជាប្រយោជន៍ដល់ជនសង្ស័យ ហើយបង្គាប់ឲ្យព្រះរាជអាជ្ញា និងប្រធានពន្ធនាគារដោះលែងជាបន្ទាន់។
នៅក្នុងសាលដីកាដដែលបញ្ជាក់ថា ពុំមានពិរុទ្ធភាពគ្រប់គ្រាន់លើជនជាប់ចោទឈ្មោះ យ៉ង ភាឡេង ពីបទឃាតកម្ម ប្រព្រឹត្តនៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ តាមបញ្ញត្តិមាត្រ១៩៩ នៃក្រមព្រហ្មទណ្ឌឡើយ។ ប៉ុន្តែមានពិរុទ្ធភាពគ្រប់គ្រាន់លើជនជាប់ចោទឈ្មោះ យីម នុន យីម ណាក់ យីម និ រុំ រ៉ា និងឈ្មោះ សាំង សេងអៀង។
មិនអាចរកប្រភពទាក់ទងប្រធានចៅក្រមក្នុងសំណុំរឿងនេះ គឺលោក ប៉ាក ច័ន្ទសំបូរ ដើម្បីសាកសួរបន្ថែមបានទេ នៅថ្ងៃទី១៣ ខែកុម្ភៈ។ ចំណែកប្រធានពន្ធនាគារខេត្តកំពង់ឆ្នាំង លោក ពៅ វុទ្ធី បដិសេធមិនអត្ថាធិប្បាយអ្វីឡើយដោយលោកបញ្ជាក់ថា ការដោះលែងធ្វើឡើងតាមសាលដីការបស់សាលាឧទ្ធរណ៍។
ភរិយាជនលោកគ្រោះគឺលោកស្រី ទៀង ថាវ មានប្រសាសន៍ថា រូបគាត់ និងកូនៗកំពុងព្រួយបារម្ភពីសុវត្ថិភាព ក្រោយពីឃើញជនជាប់ចោទឈ្មោះ យ៉ង ភាឡេង មកដល់ផ្ទះ កាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ។ លោកស្រីថា ការសម្រេចដោះលែងជនជាប់ចោទរបស់ចៅក្រមសាលាឧទ្ធរណ៍គ្មានគ្រួសារគាត់ ណាម្នាក់ដឹងឡើយ ហើយគាត់ខកចិត្តចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍នេះ៖ «ខ្ញុំ គ្រាន់តែឃើញគេមករន្ធត់អស់ហើយ ត្រជាក់ដៃត្រជាក់ជើងចង់គាំងបេះដូង ព្រួយបារម្ភព្រោះមនុស្សមានទោសសម្លាប់ដល់មនុស្ស ហើយដោះលែងមក។ ច្បាប់មានទទួលខុសត្រូវកូនចៅខ្ញុំដែរអត់ បើមានគ្រោះថ្នាក់?»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា រិះគន់ថា ករណីដោះលែងនេះមានភាពមិនប្រក្រតី និងអយុត្តិធម៌សម្រាប់គ្រួសារជនរងគ្រោះ ដោយរឿងមជ្ឈិមជាច្រើនមិនត្រូវបានតុលាការអនុញ្ញាតឲ្យជនត្រូវចោទ បាននៅក្រៅឃុំបណ្ដោះអាសន្ន តើរឿងឧក្រិដ្ឋនេះខាងតុលាការមានសំអាងហេតុអ្វីដែលឈានដល់ការ ដោះលែងទណ្ឌិតឲ្យនៅក្រៅឃុំនោះ៖ «ខ្ញុំយល់ថា ទង្វើរបស់តុលាការនេះ វានឹងធ្វើឲ្យគណបក្សកាន់អំណាចបាត់បង់ប្រជាប្រិយភាពកាន់តែធ្ងន់ ទៅៗហើយ។ ដូច្នេះ សមាជិកគណៈកម្មការនាយករបស់គណបក្សកាន់អំណាចដែលនៅក្នុងក្រសួង និងឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម មេត្តាពិនិត្យមើលចំណាត់ការរបស់តុលាការនេះ»។
អ្នកយកព័ត៌មានឲ្យកាសែតមាគ៌ាកម្ពុជា លោក សួន ចាន់ ត្រូវជនដៃដល់ប្រមាណ ១០នាក់ ប្រើមែករាំង ដើមឫស្សី និងដុំថ្ម វាយសន្ធាប់ចំក្បាល នៅក្បែរផ្ទះរបស់លោក ឋិតនៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី។ ក្នុងហេតុការណ៍នោះ សាច់ញាតិរបស់លោក ២នាក់ទៀត គឺឈ្មោះ គូ អ៊ិន និងឈ្មោះ សួន ឌីម ក៏ត្រូវជនល្មើសវាយឲ្យរងរបួសធ្ងន់ដែរ នៅពេលចូលទៅជួយ លោក សួន ចាន់។
ក្រោយមកតុលាការផ្ដន្ទាទោសឈ្មោះ យីម ណាក់ យីម នុន យីម នីក សាំង សេង អៀង រ៉ុម រ៉ា និងម្នាក់ទៀតឈ្មោះ យ៉ង ភាឡេង ពីបទមនុស្សឃាតតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ សាលក្រមសាលាដំបូងកាលណោះ តម្រូវឲ្យទណ្ឌិតទាំង ៦នាក់ ជាប់ពន្ធនាគារក្នុងម្នាក់ៗ ១៣ឆ្នាំ និងពិន័យជាប្រាក់ ៥លានរៀល ប៉ុន្តែមានតែឈ្មោះ យ៉ង ភាឡេង ម្នាក់ប៉ុណ្ណោះធ្លាប់អនុវត្តទោសក្នុងពន្ធនាគារ៕

IMG-23

Loading...

Leave a Reply

Your email address will not be published. Required fields are marked *