ជនដៃដល់ជាយោធាត្រូវបានសមត្ថកិច្ចចាប់បានភ្លាមៗក្រោយពីបានបាញ់សម្លាប់បុរសម្នាក់ ដោយមិនទាន់ដឹងមូលហេតុ

(រតនគិរី)÷ យោងតាមរបាយការណ៍របស់កម្លាំងអធិការដ្ខាននគរបាលស្រុកអូរយ៉ាដាវ ថាករណីឃាតកម្មបាញ់សម្លាប់បុរសម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ ស្លាប់ក្រោយពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកបរកែវ ករណីបង្កបណ្ដាលឲ្យស្លាប់បានកើតឡើងនៅក្នុងចម្ការកៅស៊ូមួយកន្លែង ស្ថិតនៅក្នុងភូមិគងយុគ ឃុំប៉ាត់តេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯកសូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ បានឲ្យអ្នកសារព័ត៌មានដឹងថា ហេតុការណ៍ផ្ទុះអាវុធខាងលើនេះ បានកើតឡើងនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ កាលពី ម្សិលមិញ។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះត្រូវគ្រាប់ចំឆ្អឹងជំនីខាងស្តាំ ២គ្រាប់ និងត្រូវចំភ្លៅខាងស្តាំ១គ្រាប់ ហើយសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ ដើម្បីជួយសង្គ្រោះអាយុជីវិត ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក ក៏បានស្លាប់តែម្ដង។

កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រឹម ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករជៀរជ័រកៅស៊ូ មានទីលំនៅកន្លែងកើតហេតុខាងលើ។

សមត្ថកិច្ចបានដកហូតអាវុធខ្លីម៉ាក (CF98) ១ដើម សំបកកាទូសចំនួន ៥សំបក គ្រាប់មិនទាន់ផ្ទុះចំនួន ៤គ្រាប់ បង់ចំនួន ១ និងរថយន្ត Maxda ព៌ណស ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Z-9098 ពីជនដៃដល់ឈ្មោះ លី ថេងជាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរយោធា។

បច្ចុប្បន្ន សពត្រូវបានយកទៅតម្កល់ទុកនៅវត្តស្រុកអូរយ៉ាដាវ និងប្រគល់ឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញនៃស្រុកអូរយ៉ាដាវកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕

Loading...