ជនពិការប្រគំតមន្ត្រីតាមទីសាធារណៈដើម្បីក្រពះ អាជ្ញាធរថា ប៉ះពាល់សណ្តាប់ធ្នាប់ រីឯក្រុមឈ្មួញយកចិញ្ចើមថ្នល់ធ្វើអាជីវកម្ម អាជ្ញាធររាជធានីភ្នែកខ្វាក់មើលមិនឃើញ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ បានធ្វើយុទ្ធនាការទ្រង់ទ្រាយធំ បង្ក្រាបទៅលើក្រុមតន្ត្រីជនពិការ ដែលដាក់ប្រគំភ្លេង និងច្រៀងនៅតាមភ្លើងស្តុបនានា ក្នុងគោលបំណងរៃអង្គាសប្រាក់ បន្តិចបន្តួចគ្រាន់ទិញបាយហូបបំបាត់ការស្រេកឃ្លានមួយពេលៗនោះ ។ អាជ្ញាធរបានលើកឡើងថា ការប្រគំតន្ត្រីរបស់ក្រុមជនពិការទាំងនេះធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ សាធារណៈ បង្កភាពអនាធិបតេយ្យ និងស្ទះចរាចរណ៍ដល់អ្នកដំណើរនៅលើដងផ្លូវជាដើម ដូច្នេះចាំបាច់ត្រូវតែបោសសម្អាត និងចាត់វិធានការក្តៅ ប្រសិនបើក្រុមតន្ត្រីពិការទាំងនោះ នៅតែបន្តការរៃអង្គាសដើម្បីក្រពះបែបបន្តទៅទៀត ។

លោក សន សុផល ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឲ្យមានក្រុមតន្ត្រីជនពិការលេង តន្ត្រីតាមទីសាធារណៈទៀតទេ។ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នេះតទៅ ហើយមន្ទីរសង្គមកិច្ច និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នឹងចាត់វិថានការក្តៅចុះទៅចាប់យកសម្ភារឧបករណ៍តន្ត្រី លែងយោគយល់ដោះស្រាយដូចមុនទៀតហើយ ។

លោកសន សុផល បានបន្តថា ជនពិការបច្ចុប្បន្ន មានយន្តការច្រើនណាស់សម្រាប់ជួយដល់ ពួកគេ ប៉ុន្តែជនពិការខ្លួនគាត់ មិនបានជួយខ្លួនឯងទេ ។ កន្លងមក ដោយមានការជំរុញពីរាជរដ្ឋាភិបាល មានក្រុមហ៊ុន ក្រសួង និងស្ថាប័នមួយចំនួនបានជ្រើសរើសជនពិការឲ្យចូលបម្រើការងារ និងបានទំនាក់ទំនងទៅតាមទីតាំងប្រគុំតន្ត្រីតាមរង្គសាលនានា ដើម្បីឲ្យជនពិការបានច្រៀងលេងភ្លេងកន្លែងប្រកបរបរចិញ្ចឹមជីវិត ដោយសេចក្តីថ្លៃថ្នូរ ។

ទាក់ទិនបញ្ហាខាងលើនេះដែរ មតិភាគតិចបានសម្តែងការសាទរ រីឯមតិភាគច្រើនបានសម្តែងមតិរិះគន់ទៅលើចំណាត់ការរបស់អាជ្ញាធរទៅលើក្រុមតន្ត្រីជនពិការខាងលើនេះ ដោយពួកគេលើកឡើងថា គ្រាន់តែប្រគំតន្រ្តីប៉ះពាល់ ខូចខាតសណ្តាប់ធ្នាប់សាធារណៈ រីឯក្រុមឈ្មួញយកចិញ្ចើមថ្នល់ធ្វើអាជីវកម្ម បង្កឲ្យកកស្ទះចរាចរណ៍រាល់ថ្ងៃ អាជ្ញាធរភ្នែកខ្វាក់ មើលមិនឃើញទៅវិញ ៕

 

 

ses (3) ses (2) ses (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *